ភ្នំពេញ៖ ចេន តារាចម្រៀងដែលនិយមនិពន្ធបទចម្រៀងកម្សត់ៗចាក់ដោតអារម្មណ៍អ្នកគាំទ្រដោយសារអត្ថន័យបានឆ្លុះបញ្ចាំងពីជីវិតស្នេហារបស់យុវវ័យនាពេលបច្ចុប្បន្ន បានធ្វើឱ្យបទនីមួយៗរបស់តារាប្រុសវ័យក្មេងរូបនេះទទួលបានការគាំទ្រជាខ្លាំង។
កាលពីប៉ុន្មានខែមុន ស្ងាត់ៗតារាប្រុសរូបនេះ បានបង្ហាញមុខមិត្តស្រីរបស់ខ្លួនធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនខកបំណងមិនតិចឡើយ មកដល់ព្រឹកមិញនេះទៀតសោត ចេន បានប្រកាសពីពិធីភ្ជាប់ពាក្យរបស់ខ្លួនដែលនឹងប្រព្រឹត្តិទៅឆាប់ៗនេះ ធ្វើឱ្យអ្នកគាំទ្រប្រុសស្រីជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះដែរ មានមតិជាច្រើនបានចូលរួមអបអរសាទរ ដោយឡែកក្រលេកមើលទៅប្អូនប្រុសលោកអេឡិច ហ្សូរ៉ា គឺលោកអេឡិច ដាហ្វី វិញបាននិយាយថាឱ្យចំៗបែបនេះថា “ចេញបទឱ្យអ្នកគាំទ្រកំសត់ ហើយខ្លួនឯងមានសុភមង្គល”។
ក្នុងន័យនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមផ្ទុះសំណើចនាំគ្នាចូលទៅចុចរូបសើចលើឃ្លារបស់លោក ដាហ្វី យ៉ាងច្រើន។ គួរបញ្ជាក់ដែរថា ចេន បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដែលអាចរកឃើញនារីដែលអាចកាន់ដៃគ្នាសាងគ្រួសារដោយលោកបានចែករំលែករូបប៉ុន្មានសន្លឹកភ្ជាប់ជាមួយពាក្យបែបនេះថា “ស្នាមញញឹមពិតប្រាកដដែលនាងផ្តល់ឱ្យខ្ញុំ ០៧/២០២២ ភ្ជាប់ពាក្យ”។
នេះជាការប្រកាសជាសាធារណៈដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរគូស្នេហ៍ទាំង២នេះជាច្រើនផងដែរ៕