×

ក្រសួង​សុខាភិបាល មិនអនុញ្ញាត​ឱ្យ​អ្នកជំងឺ​អូមីក្រុង ព្យាបាល​នៅតាម​ផ្ទះឡើយ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបញ្ជាក់ថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។

ការណែនាំនេះ ធ្វើឡើងយោងតាមប្រសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

លោករដ្ឋមន្ត្រី បានបន្តថា ករណីជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរក ឃើញថាជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាព ឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា អ្នកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងទាំងអស់ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង