ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុពី៣ឆ្នាំ ទៅអាយុក្រោម ៦ឆ្នាំ និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ផ្អែកតាមស្ថានភាព នៃការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន នៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ប្រធាន ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន និង ដំណើរការបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ៕