ថៃ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ថាក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងរថយន្តមួយនៅក្នុងស្រុក Laem Ngop ខេត្តត្រាត កាលពីថ្ងៃអាទិត្យ ត្រូវបានសម្លាប់ដោយម្តាយបង្កើតរបស់គេ មិនមែនជាឪពុកចុងរបស់គេដូចការសង្ស័យដំបូងឡើយ។
សពក្មេងប្រុសម្នាក់នេះ ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្តម៉ាកហុងដាចាស់មួយគ្រឿង ដែលជារបស់ឪពុកចុង។ ភ្លាមៗ ឪពុកចុងបានសារភាពថា ខ្លួនបានវាយកូនប្រុស ហើយទុកឱ្យស្លាប់នៅក្នុងរថយន្ត។
ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតតាមបញ្ជាអគ្គស្នងការនគរបាលជាតិថៃ បានរកឃើញថា ម្តាយបង្កើតរបស់ក្មេងប្រុសនេះ ទើបជាអ្នកដែលសម្លាប់កូនរបស់ខ្លួនឯង។ ប៉ូលិសនិយាយថា ស្ត្រីជាម្ដាយបង្កើត បានប្រើប្រាស់ស្នួលហាលសម្លៀកបំពាក់ វាយក្មេងប្រុសយ៉ាងខ្លាំងចំក្បាល និងដងខ្លួន រហូតបែកបាក់ប្រេះលលាដ៍ក្បាល។
ប៉ូលិសបន្តថា ការធ្វើកោសល្យវិច័យបានបង្ហាញថា ក្មេងប្រុសរូបនេះ បានរងការវាយដំច្រើនដង ប៉ុន្តែចុងក្រោយគេឃើញ គេមានរបួសលលាដ៍ក្បាល។ ទីបំផុតម្តាយបានសារភាពថា បានវាយក្មេងប្រុសនេះ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីគាត់បានបន្ទោរបង់នៅក្នុងឡាន។ ឪពុកម្តាយទាំងពីរ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត។
ការពិនិត្យកោសល្យវិច័យ បានបញ្ជាក់ថា ក្មេងប្រុសនេះ បានស្លាប់ ៦ម៉ោងមុនពេលគេរកឃើញ។ ក្មេងប្រុសរងគ្រោះ ត្រូវបានរាយការណ៍ថា បានទទួលរងនូវអំពើហិង្សាមួយរយៈមកហើយ។ ចំណែកម្តាយ ពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើឪពុកចុងរបស់ក្មេងប្រុសនេះ៕