×

បុរស​មិនស្គាល់​អត្តសញ្ញាណ ខលទៅ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម គំរាម​បាញ់​ទម្លាក់​យន្តហោះ

ហាណូយ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានឱ្យដឹងថា បុរសអនាមិកម្នាក់ បានទូរសព្ទទៅការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ក្នុងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ហើយបានគំរាមថា ប្រសិនបើជើងហោះហើរដែលធ្វើដំណើរពី ណារីតា (ប្រទេសជប៉ុន) ទៅកាន់ទីក្រុងហាណូយ មិនត្រលប់មកក្រោយវិញទេ នោះខ្លួននឹងបាញ់ទម្លាក់។

ជើងហោះហើរ VN5311/NRT-HAN ប្រភេទប៊ូអ៊ីញ B787-868 បានចាកចេញពី ណារីតា (ប្រទេសជប៉ុន) ទៅកាន់ទីក្រុងហាណូយ នៅម៉ោង ១០ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធ ទី៥ ខែមករា ដោយមានសមាជិកបម្រើការលើយន្តហោះចំនួន ១៥ នាក់ និងអ្នកដំណើរចំនួន ៤៧ នាក់នៅលើយន្តហោះ។

នៅម៉ោងប្រហែល ១១ និង ១០ នាទីព្រឹក ការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងប្រទេសជប៉ុន បានទទួលទូរសព្ទពីបុរសម្នាក់ដែលនិយាយភាសាជប៉ុន ហើយអះអាងថាជាជនជាតិអាមេរិក។ អ្នកហៅទូរសព្ទមិនស្គាល់អត្តសញ្ញាណ បាននិយាយថា៖ “ជើងហោះហើរ VN5311 គួរតែត្រឡប់មក ណារីតា វិញប្រសើរជាង បើមិនអ៊ីចឹងតេ វានឹងត្រូវបានបាញ់ទម្លាក់នៅពេលឆ្លងកាត់ឆ្នេរសមុទ្រតូក្យូ” ។

ការិយាល័យក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានរាយការណ៍ពីឧប្បត្តិហេតុនេះទៅសាជីវកម្មអាកាសចរណ៍វៀតណាម ដែលបានបញ្ជូនព័ត៌មានទៅអាជ្ញាធរជប៉ុន និងទីភ្នាក់ងារនៃក្រសួងសន្តិសុខសាធារណៈវៀតណាម។ ក្រុមហ៊ុនអាកាសរចរណ៍វៀតណាម បានកោះប្រជុំជាបន្ទាន់ និងមានការចូលរួមពីអនុគណៈកម្មាធិការដឹកនាំសម្រាប់ការប្រឆាំងភេរវកម្ម។ អាជ្ញាធរវៀតណាម បានរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងឧបនាយករដ្ឋមន្ត្រីវៀតណាម ដែលជាប្រធានគណៈកម្មាធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិផងដែរ។

ដោយមានការយល់ព្រមពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានណែនាំក្រុមហ៊ុនអាកាសចរណ៍វៀតណាម សុំការអនុញ្ញាតពីប្រទេសជប៉ុន ដើម្បីបង្វែរជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Fukuoka របស់ប្រទេសជប៉ុនវិញ។ ជើងហោះហើរ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Fukuoka នៅម៉ោង ១ និង ០២ នាទីរសៀល។

បន្ទាប់ពីអាជ្ញាធរ និងប៉ូលីស បានត្រួតពិនិត្យយន្តហោះ សម្ភាសអ្នកបម្រើការលើយន្តហោះ និងអ្នកដំណើរ និងសុវត្ថិភាពនៃជើងហោះហើរ យន្តហោះត្រូវបានអនុញ្ញាតឱ្យចាកចេញពី Fukuoka នៅម៉ោង ៣ និង ៤៨នាទីរសៀលទៅកាន់ទីក្រុងហាណូយ ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅម៉ោង ៦ និង ១២នាទីល្ងាច (ម៉ោងនៅវៀតណាម)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង