×

កូនសត្វផ្សោត​មួយក្បាល​ទៀត ឃើញ​វត្តមាន​នៅក្នុង​អន្លង់​សត្វផ្សោត​កាំពី ដែល​ជា​កូន​ចុងក្រោយ​សម្រាប់​ឆ្នាំ២០២១

ក្រចេះ៖ ជាដំណឹងល្អមួយទៀតសម្រាប់ថ្ងៃចុងក្រោយនៃឆ្នាំ២០២១ ជាមួយនឹងដំណឹងដែលពោរពេញដោយក្តីរំភើប ជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល ព្រោះកូនសត្វផ្សោតមួយក្បាលថ្មី ដែលជាកូនទី៦ សម្រាប់ឆ្នាំ២០២១ ត្រូវបានកត់ត្រាទុកកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមឯកសាររបស់ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF ដែលទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ឯកសារស្រាវជ្រាវ បានបញ្ចាក់ថា នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន ៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថា ចំនួនសត្វផ្សោតសរុបមានត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។

ស្ថានភាពនេះ អង្គការWWF ចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀត ដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកល ឱ្យជៀសផុតពីការឈានទៅផុតពូជ។ មិនតែប៉ុណ្ណោះ ត្រូវរួមគ្នាការពារទន្លេមេគង្គ និងថែរក្សាលំហូរបែបធម្មជាតិរបស់វាឱ្យគង់វង្សនាពេលឥឡូវនេះ មុនវាយឺតពេល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង