×

អាជ្ញាធរចិន រកឃើញ​មេរោគ​កូវីដ១៩​លើ​ផ្លែឈើ​នាំចូល​ពីវៀតណាម និង ថៃ

ចិន៖ ទីក្រុងមួយចំនួនរបស់ចិន បានចាប់ផ្តើមពិនិត្យបន្ទាន់រកមេរោគកូវីដ១៩ លើអាហារនាំចូល និងបានបញ្ជាឱ្យអ្នកទិញផ្លែឈើ ធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីផលិតផលស្រស់មកពីប្រទេសវៀតណាម និងប្រទេសថៃ បានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។

ទោះបីជាមានព័ស្តុតាងតិចតួចដែលមនុស្សអាចឆ្លងកូវីដ១៩ពីអាហារក៏ដោយ ក៏ទីក្រុងចំនួន៩ នៅក្នុងខេត្តជឺចាំង (Zhejiang) និងខេត្តចាំងស៊ី (Jiangxi) បានរាយការណ៍ពីលទ្ធផលវិជ្ជមាននៃមេរោគឆ្លងលើផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម ឬផ្លែមៀន ពីប្រទេសថៃ ចាប់តាំងពីខែធ្នូ។

ប្រការនេះ បាននាំឱ្យមានការបិទផ្សារទំនើបជាបណ្តោះអាសន្ន និងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងនៅទីផ្សារលក់ផ្លែស្រកានាគ។ ប្រទេសចិន កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ទុះឡើងនៃមេរោគកូវីដ១៩ ខណៈដែលប្រទេសផ្សេងទៀត ប្រឈមនឹងការកើនឡើងនៃករណីវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលឆ្លងលឿននិងអាចគំរាមកំហែងដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ដែលនឹងចាប់ផ្តើមនៅខែក្រោយ។

យោងតាមរបាយការណ៍របស់រដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា អ្នកស្រុកជាង ១០០០ នាក់នៃទីក្រុង សាវស៊ីង (Shaoxing) ក្នុងខេត្ត ជឺចាំង (Zhejiang) ដែលបានហូបផ្លែស្រកានាគរបស់វៀតណាម ត្រូវបានបញ្ជាឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។

អ្នករស់នៅទីក្រុងផ្សេងទៀត ដែលបានទៅលេងហាងលក់ផ្លែឈើ ដែលសង្ស័យថាលក់ផលិតផលដែលមានមេរោគកូវីដ១៩ ឬបានទិញផ្លែស្រកានាគដែលនាំចូល ក៏ត្រូវបានប្រាប់ឱ្យរាយការណ៍ទៅមន្ត្រីក្នុងតំបន់ និងធ្វើតេស្តរកមេរោគនេះផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង