ថៃ៖ ប៉ូលិសបញ្ជាក់នៅ រសៀល ថ្ងៃទី៦ ខែមករានេះ បានឱ្យដឹងថា សពស្រង់ពីទន្លេចៅផាយ៉ា ជាតារាម៉ូដែលប្រុស ដែលបានបាត់ខ្លួន កាលពី២ថ្ងៃមុន។
ប៉ូលីសបាននិយាយនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា សពរបស់ Kullapat “Kendo” Pongpraphap ត្រូវបានគេស្រង់មកវិញនៅជិតកំពង់ផែ Ratchawong ក្នុងទីក្រុងបាងកក ពីរថ្ងៃបន្ទាប់ពីគាត់បានបាត់ចេញពីផ្ទះ នៅក្នុងសង្កាត់ Thonburi ទីក្រុងបាងកក។
សពរបស់តារាម៉ូដែល ត្រូវបានរកឃើញជាមួយនឹងកាតអ្នកជំងឺ នៃមន្ទីរពេទ្យ Siriraj ស្មាតហ្វូន កាសស្តាប់ត្រចៀក និងកាបូបដែលមានលុយផងដែរ។
ប៉ូលីសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីនេះ។ ចំណែកសពរបស់ Kendo ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ។
Kendo អាយុ ២៦ឆ្នាំ បានបង្ហាញខ្លួនក្នុងទស្សនាវដ្តីម៉ូដដូចជា Elle Men, Hamburger និង Lips ។ នៅក្នុងការបង្ហោះ Instagram ចុងក្រោយរបស់គាត់ នៅថ្ងៃទី២៦ ខែធ្នូ គាត់បានថតរូបសម្រាប់យុទ្ធនាការ One Siam ៕