សៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិ តាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ បានខិតខំអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ។
លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀត លោកមានការតាំងចិត្តជាខ្លាំង ដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។
លោកបន្តថា ក្នុងបទពិសោធការងាររយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗនឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើងទៅលើកំពូលខ្ពស់ៗនៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែ មានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕