ម៉ាឡេស៊ី៖ វិទ្យាស្ថានបេះដូងជាតិម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃសុក្រ ទី៧ ខែមករា ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ អាយុ ៩៦ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
វាជាលើកទីពីរក្នុងរយៈពេលមួយខែដែលលោក ត្រូវបានសម្រាកនៅមន្ទីរពេទ្យ។ លោក មហាធៀ ដែល មាន ប្រវត្តិ មាន បញ្ហា បេះដូង ត្រូវ បាន បញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃ ទី១៦ ខែ ធ្នូ មុន ពេល ចេញ ពី មន្ទីរពេទ្យ មួយ សប្ដាហ៍ ក្រោយ មក។
លោកបានទទួលការវះកាត់បេះដូងដំបូងនៅឆ្នាំ១៩៨៩ និងលើកទីពីរនៅឆ្នាំ២០០៧។ ប៉ុន្តែគាត់បានបន្តធ្វើសកម្មភាពនយោបាយបន្ទាប់ពីការវះកាត់ទាំងនេះ។
លោកមហាធៀ បានឡើងកាន់អំណាចជាលើកដំបូងក្នុងឆ្នាំ១៩៨១ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតនៅក្នុងប្រទេស នៅពេលដែលគាត់បានចូលនិវត្តន៍ ២២ឆ្នាំក្រោយមកក្នុងឆ្នាំ ២០០៣។
នៅឆ្នាំ២០១៨ គាត់បានចូលរួមជាមួយក្រុមប្រឆាំង ហើយបានទម្លាក់ក្រុមចម្រុះដែលកាន់អំណាចយូរយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ គាត់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជានាយករដ្ឋមន្ត្រីជាលើកទីពីរនៅអាយុ ៩២ ឆ្នាំ ទោះបីជាអាណត្តិរបស់គាត់មានរយៈពេលខ្លីក៏ដោយ ខណៈដែលរដ្ឋាភិបាលរបស់គាត់បានដួលរលំក្នុងរយៈពេលតិចជាង ២ឆ្នាំដោយសារតែបញ្ហានយោបាយ៕