កំពត៖ ប្រព័ន្ធបច្ចេកវិទ្យាថ្មី ឈ្មោះថា UF-MEMBRANE ដែលអាចផលិតទឹកស្អាតមានគុណភាពខ្ពស់ដែលអាចពិសាបាន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅអង្គភាពរដ្ឋាករទឹកខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២។
ក្រសួង បានសហការជាមួយក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD និង MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO.,LTD ធ្វើការដំឡើងនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប UF-MEMBRANE ដែលមានសមត្ថភាពផលិត ៥.០០០ម៉ែត្រគូប/ថ្ងៃ បន្ថែមលើអាងប្រព្រឹត្តកម្មមានស្រាប់ ក្នុងសមត្ថភាពផលិត ១៣.៥០០ម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មាន លទ្ធភាពបង្កើនសមត្ថភាព ផលិតរហូតដល់ ១៨.៥០០ម៉ែត្រគូប/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ១៣.៥៧៥គ្រួសារ ស្មើនឹងប្រមាណ ៨២,៣៦% នៃតំបន់សេវាកម្មរបស់ខ្លួនក្នុងក្រុងកំពត (៥សង្កាត់), ក្រុងបូកគោ (១សង្កាត់) និងមួយផ្នែកទៀតនៃស្រុកទឹកឈូ (៦ឃុំ)។
បន្ថែមពីនេះទៀត អង្គភាពរដ្ឋាករទឹកខេត្តកំពត នឹងធ្វើការលក់ទឹកដុំជូនដល់ Kampot Port សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងឃុំកោះតូច តំបន់ជិតៗនេះផងដែរ។
ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង ១១,៨% ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០៕