ពោធិ៍សាត់៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គំ និងដំឡើងរថយន្ត Ford ប្រភេទ Ford Ranger និងFord Everest បច្ចុប្បន្នបាននឹងកំពុងដំណើរការសាងសង់ជិតរួចរាល់ហើយ ដែលនឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមការចេញផ្សាយពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍មុន។
លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងឱ្យដឹង យ៉ាងដូច្នេះថា៖ “បើតាមផែនការមិនប្រែប្រួល តាមរយៈការខិតខំប្រឹងប្រែង រយៈពេលជាង៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទFord ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង។”
លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា៖ “អីឡូវនេះ យើងកំពុងតែខិតខំទាក់ទាញពួកគេ ឱ្យអូសយកដៃគូរសហការរបស់គេបន្ថែមទៀត ដើម្បីផលិតគ្រឿងបង្គំក្នុងទឹកដី នៃស្រុកក្រគរ ដែលទាំងនេះ គឺជាផែនការមេរបស់ស្រុកក្រគរ ស្រុកកណ្តៀង និយាយជារួមនឹងនិយាយដោយឡែក គឺសម្រាប់ខេត្តពោធិ៍សាត់យើងផ្ទាល់តែម្តង, ហើយយើង នឹងចាប់ផ្តើមដាក់សម្ពោធជាបន្តបន្ទាប់ ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ។”
សូមបញ្ជាក់ថា បច្ចុប្បន្ន រោងចក្រនេះ បាននឹងកំពុងដំណើរសាងសង់ជិតរួចរាល់ហើយ នៅលើផ្ទៃដីប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ហើយនោះ រោងចក្រនេះ អាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕