×

គ្រូ Arsenal សម្តែង​ការសោកស្តាយ​ក្រោយ​ក្រុមធ្លាក់​ត្រឹមជុំទី៣ ពានរង្វាន់ FA Cup

គ្រូបង្គោល Arsenal លោក Mikel Arteta បានសម្តែងការសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនបានល្អ ដែលពួកគេបានចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣។

ជាការពិត ការប្រកួតនាទីលាន City Ground ដែលជាទឹកដីរបស់ក្រុម Nottingham Forest ក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យ ដោយលទ្ធផល ១-០ តែប៉ុណ្ណោះ ដែលជាការរកគ្រាប់បាល់ពីកីឡាករម្ចាស់ផ្ទះ Lewis Grabban នៅចុងម៉ោងនាទី៨៣។

ជុំវិញការបរាជ័យនេះ លោក Mikel Arteta បានថ្លែងថា៖ “ពួកយើងមិនល្អគ្រប់គ្រាន់ ហើយពួកយើងសុំទោសទៅកាន់អ្នកគាំទ្រគ្រប់គ្នា។ ខ្ញុំពិតជាមានការខកចិត្តចំពោះលទ្ធផលរបស់យើង ហើយវាពិតជាឈឺចាប់ណាស់ ព្រោះយើងបានចាញ់ក្នុងការប្រកួតពានរង្វាន់ដែលយើងតែងតែធ្វើបានល្អបំផុតទៅវិញ។”

លោកបានបន្តថា៖ “យើងត្រូវការការសហការ និងមហិច្ឆិតា ដើម្បីឈ្នះគ្រប់ការប្រកួត ប៉ុន្តែយើងមិនមានអ្វីទាំងនោះទេ អ៊ីចឹងលទ្ធផលនៅពេលនេះ គឺជាអ្វីដែលយើងត្រូវទទួលយក។”

សូមបញ្ជាក់ថា វាជាលើកទី២ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយដែល Arsenal ជាក្រុមឈ្នះ FA Cup ច្រើនជាងគេ១៤ដង ត្រូវបានទម្លាក់ដោយ Nottingham Forest ត្រឹមជុំទី៣ក្នុងពានរង្វាន់នេះ បន្ទាប់ពីវាបានកើតឡើងកាលពីខែមករា ឆ្នាំ២០១៨។

សម្រាប់ក្រុម Nottingham Forest ដែលទទួលបានជ័យជម្នះនៅពេលនេះ នឹងបន្តឡើងទៅជុំទី៤ ជួបក្រុម Leicester City ដែលបានទម្លាក់ក្រុម Watford ៤-១។ ការប្រកួត FA Cup ជុំទី៤ នឹងធ្វើឡើងនៅរវាងថ្ងៃទី ៤ ដល់ ៧ ខែកុម្ភៈ ខាងមុខ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង