ប៉េកាំង៖ ទីក្រុងធានជីន ភាគខាងជើងប្រទេសចិន ដែលមានប្រជាជនជាង១៥លាននាក់ និងជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីក្រុងប៉េកាំង បានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំ តាំងពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវីរុសអូមីក្រុង បន្ទាប់ពីទីក្រុងនេះ បានរកឃើញការឆ្លងចំនួន២០នាក់ ក្នុងរយៈពេលតែមួយថ្ងៃ ក្នុងនោះ ២ករណី ត្រូវបានគេបញ្ជាក់ថា ជាវីរុសអូមីក្រុង។
អ្នកជំនាញខាងរោគរាតត្បាតចិនបាននិយាយថា វាជាការប្រយុទ្ធជាលើកដំបូងនឹងអូមីក្រុង នៅចិនដីគោក ដែលវាជាការឆ្លងនៅក្នុងសហគមន៍។ ការផ្ទុះឡើងភ្លាមៗនេះ ក៏បានធ្វើឱ្យទីក្រុងប៉េកាំង មានការប្រុងប្រយ័ត្នផងដែរ។ គេរំពឹងថា វានឹងរលត់ទៅវិញមុនពិធីបុណ្យចូលឆ្នាំចិន និងកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
ទីក្រុងធានជីង បានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ ថា មនុស្សចំនួន ២០ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ រស់នៅសង្កាត់ជីនណាន។ ពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបន្ថែមទៀត។ ជាមួយគ្នានេះ ករណីឆ្លងក្នុងសហគមន៍ចំនួនពីរដែលពាក់ព័ន្ធវីរុសអូមីក្រុង ត្រូវបានធ្វើតេស្តកាលពីថ្ងៃសៅរ៍។ រដ្ឋបាលក្រុងធានជីង បាននិយាយថា ករណីទាំងពីរនេះគឺមានប្រភពតែមួយ ប៉ុន្តែមិនមានទំនាក់ទំនងជាមួយករណីអូមីក្រុង ដែលនាំចូលនៅក្នុងខែធ្នូ ឆ្នាំ២០២១នៅក្នុងទីក្រុងនេះនោះទេ។
អ្នកឆ្លងអូមីក្រុងទាំងពីរនាក់នេះ មិនបានធ្វើដំណើរទៅក្រៅទីក្រុង នាពេលថ្មីៗនេះទេ ហើយគេនៅតាមដានអ្នកជំងឺកូវីដ ១៨នាក់ផ្សេងទៀត ថាតើជាករណីអូមីក្រុងដែរ ឬយ៉ាងណា។
ក្នុងចំណោមអ្នកឆ្លងទាំង ២០នាក់ មាន ១៥នាក់ជាកុមារ ដែលមានអាយុចន្លោះពី ៨ ទៅ ១៣ឆ្នាំ។ ករណីទាំងនេះ ប្រមូលផ្តុំនៅក្នុងសង្កាត់ជីនណាន និង ណាកខៃ នៃទីក្រុងធានជីង។ លំនៅដ្ឋាននៅក្នុងបរិវេណមួយក្នុងសង្កាត់ជីនណាន ត្រូវបានគេកំណត់ថា មានហានិភ័យខ្ពស់នៃការឆ្លង ខណៈលំនៅដ្ឋានចំនួនបីផ្សេងទៀតនៅក្នុងបរិវេណនេះ និងអគារពីរនៅក្នុងបរិវេណផ្សេងទៀត មានហានិភ័យមធ្យម។
ទីក្រុងធានជីង តម្រូវឱ្យអ្នកស្រុក មិនត្រូវចាកចេញពីទីក្រុង ប្រសិនបើចាំបាច់។ អ្នកដែលត្រូវចាកចេញតម្រូវឱ្យមានលទ្ធផលតេស្ត អវិជ្ជមានដែលមានសុពលភាពក្នុងរយៈពេល ៤៨ម៉ោង។ ទីក្រុងនេះ ក៏បានពង្រឹងការត្រួតពិនិត្យលើអ្នកស្រុកដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយកំណត់ចំណុចត្រួតពិនិត្យ និងក្រុមការងារពិសេសនៅផ្លូវហាយវេ និងស្ថានីយដឹកជញ្ជូន៕