ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោម គ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុង ឦសានបក់ក្នុងល្បឿនបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមករា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានសីតុណ្ហភាពអប្បបរមា ពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា ពី ៣០-៣២°C ។ រីឯបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានសីតុណ្ហភាពអប្បបរមា ពី ១៥-១៨ °C សីតុណ្ហភាពអតិបរមា ពី ២៨-៣០ °C ហើយបណ្តាខេត្តស្ថិតនៅក្នុងភូមិសាស្រ្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមានឹងអាច ធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥°C ។
ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នឹងអាចសីតុណ្ហភាពអប្បបរមា ពី ១៩-២២ °C និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC៕