ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការណែនាំ ៤ ចំណុចដល់អ្នកពាក់ព័ន្ធ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។ នេះបើយោងតាមសារាចររាជរដ្ឋាភិបាល ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលបានចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងសារាចរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខណៈដែលប្រទេសជាតិត្រូវបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ។ ទន្ទឹមនេះ ប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស វិធានការ ៣កុំ៣ការពារ ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។ ទន្ទឹមនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានចាប់ផ្តើមរកឃើញជាបន្តបន្ទាប់នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ផងដែរ។
ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅចំនួន ៤ចំណុច រួមមាន៖
ទី១- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។”
ទី២- សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត។
ទី៣- សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
ទី៤- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិការចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ ៣កុំ ៣ការពារ៕”