×

ប្រហិតសាច់គោ ធ្វើពី​សាច់ជ្រូក ត្រូវបាន​បង្ក្រាប​នៅថៃ

បាងកក៖ ក្រុមហ៊ុនផលិតប្រហិតសាច់គោដ៏ធំមួយនៅប្រទេសថៃ កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ថា ត្រូវបានអាជ្ញាធររកឃើញថា ផលិតផលរបស់ខ្លួន មានផ្ទុក DNA សាច់ជ្រូក ដូចដែលបានប្រកាសដោយក្រុមប្រឹក្សាឥស្លាមក្នុងប្រទេសថៃ។

ក្រុមហ៊ុន NC Food Products Co បានធ្វើការអភ័យទោស និងបាននិយាយថា ខ្លួននឹងដកស្លាកសញ្ញាហាឡាល់ ចេញពីផលិតផលរបស់ខ្លួន ខណៈពេលដែលកំពុងស៊ើបអង្កេតបញ្ហានេះ និងជំរុញឱ្យអ្នកប្រើប្រាស់កាន់សាសនាឥស្លាម បន្តគាំទ្រផលិតផលរបស់ពួកគេ។

ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បានឱ្យដឹងថា៖ “យើងនៅតែមានជំហរ ថា យើងពិតជាមិនបានលាយវាជាមួយសាច់ជ្រូកទេ”។ ក្រុមហ៊ុន NC Food Products Co ដែលជាអ្នកផលិតប្រហិតសាច់គោស្លាកយីហោ Namchai បន្ថែមថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ត្រូវបានបញ្ជាក់ជាផលិតផលហាឡាល់ទាំងអស់។

ក្រុមហ៊ុនបន្តថា DNA សាច់ជ្រូក ដែលបានរកឃើញ ដូចមានក្នុងប្រកាសរបស់ក្រុមប្រឹក្សាឥស្លាមក្នុងប្រទេសថៃ អាចមកពីសារធាតុផ្សំផ្សេង។

នៅថ្ងៃចន្ទដដែល ក្រុមប្រឹក្សាឥស្លាមនៃប្រទេសថៃ ដែលជាស្ថាប័នគ្រប់គ្រងសាសនាឥស្លាម ដែលត្រូវបានតែងតាំងដោយរដ្ឋថៃ បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានជនមូស្លីមក្នុងប្រទេសថៃ ឱ្យជៀសវាងការទទួលទានប្រហិតសាច់គោ Namchai ដែលផលិតដោយ NC Food Products ដែលត្រូវបានសម្គាល់ថាជាហាឡាល ប៉ុន្តែបានរកឃើញថាមានផ្ទុក DNA សាច់ជ្រូកមួយចំនួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង