ភ្នំពេញ៖ ម៉ាហ្គាវ៉ា(Magawa) ជាសត្វកណ្តុរយក្សអាហ្វ្រិក ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា អស់រយៈពេល៥ឆ្នាំមកនេះ បានបាត់ជីវិតហើយ ក្រោយការដាក់ឱ្យចូលនិវត្តន៍ ដោយសុខភាពបានចុះខ្សោយជាបន្តបន្ទាប់ រហូតដល់បាត់បង់ជីវិត ក្រោយប្រារព្ធខួប ៨ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ អង្គការបែលហ្ស៊ិក APOPO។
អង្គការ APOPO បានបញ្ជាក់ថា «វាជារឿងដ៏រំជួលចិត្ត ដោយយើងសូមចែករំលែកនូវដំណឹងសោកសៅ ពីមរណភាពរបស់វីរកណ្តុរ HeroRat Magawa ដែលបានបាត់បង់ជីវិតកាលពីចុងសប្តាហ៍កន្លងមក»។ រយៈពេល ៥ឆ្នាំ កន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៧១គ្រាប់ នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។
សូមបញ្ជាក់ថា សត្វកណ្តុរ ម៉ាហ្គាវ៉ា បានចាប់កំណើតនៅប្រទេសតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ និងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ នៃអង្គការបែលហ្ស៊ិក APOPO ក្នុងការហិតរកគ្រាប់មីន។ ម៉ាហ្គាវ៉ា បានមកដល់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ ហើយបំពេញបេសកកម្មនៅខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
កាលពីឆ្នាំ២០២០ សត្វកណ្តុរហិតមីនមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស។ បន្ទាប់មក Magawa បានចូលនិវត្តន៍កាលពីខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់ នៅចុងសប្តាហ៍ទី១នៃ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានជួយបោសសម្អាតមីនចេញពីផ្ទៃដីប្រហែល ២២៥,០០០ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ចំនួន ៤២ ក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា៕