×

គ្រូបង្រៀនម្នាក់ ប្រឈមនឹង​ការគ្រៀវ​ដោយ​សារធាតុគីមី និង​ប្រហារជីវិត​ពី​បទរំលោភ​សិស្ស​ចំនួន ១៣នាក់

ឥណ្ឌូណេស៊ី៖ រដ្ឋអាជ្ញាក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ដែលពាក់ព័ន្ធនឹងគ្រូបង្រៀនម្នាក់នៅកោះជ្វាខាងលិច ទាមទារឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរបំផុតសម្រាប់ចុងចោទ ចំពោះឧក្រិដ្ឋកម្មដ៏សាហាវបំផុតមួយដែលនឹកស្មានមិនដល់។

គ្រូបង្រៀន ឈ្មោះ Herry Wiryawan អាយុ ៣៦ឆ្នាំបានបង្ហាញខ្លួន នៅតុលាការស្រុកបានឌុង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ គាត់ត្រូវបានចោទប្រកាន់ពីបទរំលោភសិស្សចំនួន ១៣ នាក់ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំក្នុងឱកាសផ្សេងៗគិតចាប់ពីឆ្នាំ២០១៦ នៅសាលាដែលគាត់បានបង្រៀន។

ប្រធានការិយាល័យរដ្ឋអាជ្ញាកោះជ្វាខាងលិច លោក Asep N Mulyana បានប្រាប់អ្នកយកព័ត៌មានថា៖ “ដំបូង យើងទាមទារឱ្យចុងចោទទទួលទោសប្រហារជីវិត។” “យើង ក៏បានស្នើឱ្យចៅក្រមកាត់ទោសបន្ថែម រួមទាំងការបង្ហាញអត្តសញ្ញាណរបស់ចុងចោទជាសាធារណៈ ក៏ដូចជាការគ្រៀវដោយចាក់សារធាតុគីមី។”

រូបថតរបស់ Herry ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីដែលបង្កការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ចាប់តាំងពីករណីនេះ ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីចុងឆ្នាំមុន។

រដ្ឋអាជ្ញាកំពុងទាមទារឱ្យលោក Herry បង់ប្រាក់ពិន័យ ៣៤.៩៧២ ដុល្លារអាមេរិក និង ២៣.១៥១ ដុល្លារអាមេរិក ជាសំណងដល់ជនរងគ្រោះ។ លោកបន្តថា សកម្មភាពរបស់ចុងចោទមិនត្រឹមតែរំលោភលើសេចក្តីថ្លៃថ្នូរខាងរាងកាយរបស់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថានភាពផ្លូវចិត្ត និងអារម្មណ៍របស់សិស្សជាទូទៅផងដែរ។

នៅក្រោមច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី អ្នករំលោភកុមារជាទូទៅអាចជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។ ប្រសិនបើតុលាការស្រុកបានឌុង យល់ព្រមជាមួយរដ្ឋអាជ្ញា នោះទោសប្រហារជីវិតសម្រាប់លោក Herry នឹងក្លាយជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើអ្នករំលោភលើកុមារនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ចំពោះការគ្រៀវ ចាក់សារធាតុគីមី ត្រូវបានអនុវត្តចាប់ពីមានករណីចាប់រំលោភបូក និងសម្លាប់ក្មេងស្រីជំទង់ដ៏ព្រៃផ្សៃ នៅក្នុងទីក្រុងបឹងគូលូ ក្នុងឆ្នាំ២០១៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង