×

តារាសម្តែង​ជើងចាស់ Mimi Chu ត្រូវបាន​មហាជន​ហៅថា​តារា​រមិលគុណ​ក្រោយ​រិះគន់ TVB សព្វសារពើ

ហុងកុង៖ រយៈពេល ៣០ឆ្នាំក្រោមទ្រនំ TVB តារាសម្តែងជើងចាស់ Mimi Chu មានការមិនពេញចិត្តជាមួយផលិតកម្មដោយបានបញ្ជាក់ថា រយៈពេល៣០ឆ្នាំមកនេះ ក្រុមហ៊ុន មិនដែលផ្តល់ឱកាសឱ្យគាត់ ធ្វើតួឯកឡើយ បានត្រឹមសម្តែងជាតួរាយរងប៉ុណ្ណោះក្នុងភាពយន្តជាង៨០កន្លងមក។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីការប្រគំតន្ត្រី ក៏មិនដែលមានឈ្មោះគាត់ឡើងសម្តែងដែរ។ Mimi Chu បានបញ្ជាក់ថា គាត់ មិនទាមទារធ្វើជាតារាចម្រៀងឯកក្នុងកម្មវិធីតន្ត្រីណាមួយដែល TVB រៀបចំឡើយ គ្រាន់តែសុំឱ្យមានវត្តមានម្នាក់នឹងគេតែប៉ុណ្ណោះ។

បន្ថែមពីនេះផងដែរ Mimi ថែមទាំងធ្លាប់បានឱ្យដឹងទៀតថា ប្រាក់ខែដែល TVB ផ្តល់ឱ្យមិនគ្រប់គ្រាន់ថ្លៃចំណាយលើការធ្វើដំណើរទៀតផង។

គួរបញ្ជាក់ថា មុនពេលចូល TVB តារារូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញដោយខ្លួនឯងរួចមកហើយ ដោយគាត់ ជាតារាចម្រៀងល្បីឈ្មោះម្នាក់រហូតជាប់ឈ្មោះជា “Queen Of Cantonese Folk Songs” ទៀតផង។

ការរិះគន់ទាំងប៉ុន្មានទៅលើ TVB បានធ្វើឱ្យមហាជនមួយចំនួន និយាយថា គាត់គួរតែនិយាយពាក្យទាំងនេះទៅម្ចាស់ផលិតកម្មតាំងពីដំបូង ជាជាងរង់ចាំដល់ពេលនេះ។ រីឯមតិខ្លះទៀត បានលើកឡើងថា នៅពេលដែល Mimi ចូល TVB ដំបូងគាត់ មានវ័យ៣៧ឆ្នាំហើយ មិនសក្តិសមនឹងធ្វើជាតួឯកឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង