វៀតណាម៖ រដ្ឋាភិបាលប្រទេសវៀតណាម បានសម្រេចថា ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២ នឹងមានរយៈពេលចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ទោះបីជាក្រសួងវប្បធម៌វៀតណាម បានស្នើឱ្យមានការលុបចោលនូវពិធីអបអរសាទរឆ្នាំថ្មី និងការបាញ់កាំជ្រួចក៏ដោយ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានធ្វើសេចក្តីសម្រេចលើមូលដ្ឋាននៃសំណើដែលដាក់ជូនដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានស្នើឱ្យមន្ទីរ អង្គភាពក្រោមឱវាទ ណែនាំទីក្រុង និងខេត្តទូទាំងប្រទេស ឱ្យលុបចោលពិធីបុណ្យ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យចូលឆ្នាំ ដែលនឹងចូលមកដល់នៅចុងខែនេះ ដោយសារក្តីបារម្ភពីការកើនឡើងពីជំងឺកូវីដ១៩។
ក្រសួងក៏បានជំរុញឱ្យអង្គភាពនានាលើកកម្ពស់ការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីច្បាប់ស្តីពីជំងឺកូវីដ១៩ ព្រមានពួកគេកុំឱ្យបន្ថយការប្រុងប្រយ័ត្នចំពោះវីរុសនេះ ប៉ុន្តែផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋអំពីការអភិវឌ្ឍជំងឺកូវីដ១៩។
ចំណែកក្រសួងសុខាភិបាលវៀតណាម ស្នើឱ្យផ្អាករាល់សកម្មភាពមិនសំខាន់ ការកម្សាន្ត និងពិធីបុណ្យនានានៅតាមមូលដ្ឋានដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំខាងមុខនេះ។
កាលពីថ្ងៃទី១២ ខែមករា ប្រទេសវៀតណាម បានកត់ត្រាការឆ្លងកូវីដ១៩ថ្មី មានចំនួន ១៦.១៣៥ ករណី។ ក្នុងចំណោមករណីថ្មីនេះ ១០.៨៨៩ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ហើយ ៦៩ ករណី ត្រូវបាននាំចូល។ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីវីរុសអូមីក្រុង ចំនួន ៣៥ ករណី ជាករណីនាំចូលទាំងអស់។ ការស្លាប់ដែលទាក់ទងនឹងកូវីដ១៩ មាន ១៧៧នាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៤.៩៦៤ នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕