×

កម្ពុជា​បាញ់កាំជ្រួច​អបអរសាទរ​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០ ឆ្នាំ២០២២ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេចតេជោ ហ៊ុន សែន

អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ
នឹងរៀបចំបាញ់កាំជ្រួចចំនួន ២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុដែល CNCទទួលបាននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមាន
ការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជា
ណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន
ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៍ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមករាឆ្នាំ២០២២។

សូមជម្រាបថា នេះគឺជាលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការបាញ់កាំជ្រួចអបអរសាទរវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២
ខណៈដែលកម្ពុជាកំពុងកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន ហើយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននៅឆ្នាំនេះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង