វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង មិនប៉ះពាល់ដល់សួតដូចវ៉ារ្យង់ដែលតា(Delta)ឡើយ ប៉ុន្តែវាចូលទៅផ្លូវដង្ហើម ហើយនៅជាប់នឹងបំពង់ក ដែលបង្កជារោគសញ្ញាច្រើននៅសរីរាង្គផ្លូវដង្ហើមខាងលើរបស់អ្នកជំងឺ។ អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាស្រាលប៉ុណ្ណោះ ស្របពេលដែលអ្នកខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ។ យ៉ាងណាមិញ តើក្រោយពេលជាសះស្បើយពីវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង អ្នកជំងឺអាចមានរោគសញ្ញាអ្វីកើតឡើង?
រោគសញ្ញាមិនប្រក្រតីក្រោយជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង
ពិតណាស់ យើងចាំបាច់ត្រូវធ្វើការព្យាបាលរោគសញ្ញាក្រោយជាសះស្បើយពីកូវីដ-១៩ ឱ្យបានត្រឹមត្រូវ ដូចទៅនឹងរោគសញ្ញាដែលអ្នកជំងឺធ្លាប់ជួបប្រទះនៅអំឡុងពេលឆ្លងវីរុសដូចគ្នា។ រោគសញ្ញាទាំងនេះ អាចមានលក្ខណៈខុសគ្នា ហើយភាពធ្ងន់ធ្ងរនៃរោគសញ្ញា គឺអាស្រ័យលើភាគរយនៃការខូចខាតដោយសារកូវីដ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានសង្កេតឃើញការកើនឡើងនៃអាការៈឈឺខ្នងធ្ងន់ធ្ងរក្នុងចំណោមអ្នកជំងឺដែលជាសះស្បើយពីវីរុសបំប្លែងថ្មី អូមីក្រុង។
ជាក់ស្ដែង វ៉ារ្យង់អូមីក្រុង មានការចម្លងមេរោគឆាប់រហ័សជាងវីរុសកូវីដ-១៩ប្រភេទមុនៗ ហើយវាមានSpike Proteinច្រើនជាង៣០ ដែលអាចធ្វើឱ្យវីរុសនេះមានលទ្ធភាពឆ្លងទៅកាន់អ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសបានផងដែរ។
រោគសញ្ញាទូទៅមួយចំនួន របស់វីរុសបំប្លែងថ្មី អូមីក្រុង
• ហៀរសំបោរ
• ឈឺក
• រមាស់ក
• តឹងច្រមុះ
• ក្អកស្ងួត
• ឈឺក្បាល
• ឈឺខ្នងផ្នែកខាងក្រោយ
• ឈឺសាច់ដុំ
• ចង្អោរ
• អស់កម្លាំងខ្លាំង
• កណ្ដាស់
• ពណ៌ស្បែកជុំវិញបបូរមាត់ និងក្រចកប្រែប្រួល៕
ប្រភព៖ Hellokrupet