×

ក្រសួងអប់រំ លើកទឹកចិត្ត​សិស្ស​ឱ្យ​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​តាម​ហ្វេសប៊ុក​ក្រសួង ជាជាង​ទៅដល់​មណ្ឌលប្រឡង​ផ្ទាល់ ការពារ​ការរីករាលដាល​កូវីដ១៩

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។

ដើម្បីបង្ការការរីករាលដាលនៃកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ក្រសួងបានស្នើ ប្រធានមន្ទីរអប់រំ ចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចខាងក្រោម ៖

១. ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ។

២. រៀបចំទីតាំងបិទផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬ ទីកន្លែងប្រមូលផ្តុំ នៃ និស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬ សិស្សានុសិស្ស ដែលមិនពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាត។

៣. ចងខ្សែសញ្ញា ឬ ដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាចធ្វើទៅបាន។

៤. បិទផ្សាយសន្លឹកលទ្ធផលប្រឡង ឱ្យបាននៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្តារខៀន ផ្ទាំងបិទប្រកាស ឬ បញ្ហារផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញនៃបេក្ខជនប្រឡង។

៥. ចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡងនីមួយៗ រួចហើយ) ឬការបាញ់អាកុល (តាមលទ្ធភាពជាក់ស្ដែង) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង។

៦. ណែនាំឱ្យបេក្ខជនដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡងបន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែរបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង