លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បានអះអាងថា កូនក្រុមរបស់លោកធ្វើបានល្អ ទោះបីជាសល់គ្នាត្រឹមតែ ១០នាក់ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup កាលពីយប់មិញ ដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ហើយពួកគេ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ Liverpool នៅទឹកដី Emirates វិញនៅជើងទី២។
ក្រុមកាំភ្លើងធំ បានរក្សាលទ្ធផល ០-០ នៅកីឡដ្ឋាន Anfield ទោះបីជាសមាជិកម្នាក់ ត្រូវបាន បណ្ដេញចេញក៏ដោយ។ ជាក់ស្ដែង កីឡាករ Granit Xhaka ត្រូវបានបណ្ដេញចេញ បន្ទាប់ពីលេងបាន ២៤នាទី ដោយបង្កកំហុសលើ Diogo Jota នៅពេលដែលខ្សែប្រយុទ្ធ Liverpool មានឱកាសស៊ុតយ៉ាងច្បាស់។
លោក Arteta ជឿជាក់ថាក្រុមរបស់គាត់ សមនឹងទទួលបានលទ្ធផលរបស់ពួកគេ បន្ទាប់ពីចាញ់ក្នុងការប្រកួតពានរង្វាន់ FA Cup ក្រោមថ្វីជើងក្រុម Nottingham Forest ។
Arteta បានបន្ថែមថា៖ “ខ្ញុំពិតជាមានមោទកភាពចំពោះអ្វីដែលពួកគេ បានធ្វើនៅថ្ងៃនេះ ក្នុងស្ថានភាពដ៏លំបាកមួយ ទល់នឹងគូប្រជែងដ៏អស្ចារ្យ ហើយលេង ៧០នាទីជាមួយគ្នាតែ ១០នាក់។”
“វាជាស្មារតីប្រយុទ្ធ គុណភាពដែលពួកគេបានបង្ហាញក្នុងការលេង វាមិនមែនដោយសារកម្លាំងទេ វាមិនមែនជាអ្វីដែលយើងហ្វឹកហាត់នោះទេ ប៉ុន្តែវាជាអ្វីដែលចាំបាច់។”
“ខ្ញុំចង់ឃើញក្រុមដែលលេងដោយអារម្មណ៍ និងបង្ហាញអ្វីគ្រប់យ៉ាងដែលយើងនិយាយមុនការប្រកួត ហើយខ្ញុំបានឃើញវានៅថ្ងៃនេះ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់។”
Arsenal នឹងត្រូវប្រកួតជើងទីពីរទល់នឹង Liverpool នៅថ្ងៃសុក្រសប្ដាហ៍ក្រោយនៅកីឡដ្ឋាន Emirates ដោយរំពឹងថានឹងអាចឈានទៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley នៅខែក្រោយទល់នឹងក្រុម Chelsea ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕