×

ចាប់ពីខែកុម្ភៈ អាជ្ញាធរ​នឹង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់រឹង មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ និងការបញ្ចេញ​សំរាម​ខុសម៉ោង

ភ្នំពេញ៖ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ តទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការ តាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់សំណល់រឹងមិនបានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើម និងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោងខុសពេលកំណត់។ នេះបើយោងតាមការឱ្យដឹងពី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែ
មករានេះ ក្នុងពិធីផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណង់រឹងនៅរាជធានីភ្នំពេញ ជាមួយលោកមេភូមិ ចៅសង្កាត់
ខណ្ឌ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ មុននឹងឈានទៅដាក់ការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

លោក ហួត ហៃ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ មានបំណងផ្សព្វផ្សាយពីការគ្រប់គ្រង ទុកដាក់សំរាម សំណង់រឹងនៅរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ មុននឹងឈានទៅដាក់ការផាកពិន័យទៅតាមច្បាប់។ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ ក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនទាំង៣នោះគឺ ទី១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន ៥ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុង តំបន់ទី២ ដែលមាន ៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន ៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ក្នុងនោះ សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ត្រូវញែកសំរាម សំណល់រឹង ជា ២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។ សំរាមសើម ដែលមានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ-សំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដប ជាដើម ត្រូវដាក់ក្នុងថង់ពណ៌ស។ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ ទាំង២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ ចំពោះប្រជាពលរដ្ឋ អាចរកទិញថង់ទាំង២ពណ៌ខាងលើ នៅតាមបណ្តាទីផ្សារនានា ហើយហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំ ជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបានត្រឹមត្រូវ ហើយក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ថ្ងៃអាទិត្យ។

លោក ហួត ហៃ បានបញ្ជាក់ថា ក្នុងករណីទុកដាក់ខុសពីការណែនាំ ក្រុមការងារផាកពិន័យ នឹងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១។ បើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង៕

ដោយ៖ គន្ធ តារាវិឆ័យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង