វៀងចន្ទន៍៖ ប្រទេសឡាវ កំពុងបង្កើនការផលិតថ្នាំ Molacovir ដែលប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីបំពេញតម្រូវការកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times កាលពីសប្ដាហ៍មុន។
នាយកគ្រប់គ្រងរោងចក្រឱសថ លោកវេជ្ជបណ្ឌិត ឡៅ ហ៊ួន ចន្ថាប៊ូត (Lahounh Chanthabout) មានប្រសាសន៍ថា តម្រូវការថ្នាំនេះ នឹងកើនឡើងបីដងក្នុងឆ្នាំនេះ។ ថ្នាំ Molacovir ផលិតដោយរោងចក្រឱសថក្នុងទីក្រុងវៀងច័ន្ទន៍ គឺជាឈ្មោះពាណិជ្ជកម្មសម្រាប់ថ្នាំគ្រាប់ Molnupiravir ដែលជាថ្នាំប្រឆាំងមេរោគដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនឱសថអាមេរិក Merck បានប្រកាសពីកិច្ចព្រមព្រៀងដែលបានផ្តល់អាជ្ញាបណ្ណផលិត កាលពីខែតុលា ឆ្នាំ២០២១ ដែលនឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍ ទទួលបានរូបមន្តផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ខ្លួន។
ក្រសួងសុខាភិបាលឡាវ បានបើកភ្លើងខៀវ សម្រាប់ការផលិតថ្នាំនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។ ថ្នាំ Molacovir ត្រូវបានចែកចាយទៅកាន់ឱសថស្ថាន ក្នុងទីក្រុងវៀងចន្ទន៍ និងទូទាំងខេត្តមួយចំនួន៕