ចិន៖ ស្ត្រីម្នាក់ បានចូលទៅអុកឡុកពិធីមង្គលការអតីតមិត្តប្រុសរបស់នាង និងប្រាប់ថានឹងចុះថ្លៃបណ្ណាការ ៨០% ឱ្យទៀតផង។ ស្ត្រីរូបនោះ បានស្លៀករ៉ូបពណ៌សមួយដើរចូលក្នុងពិធីមង្គលការអតីតមិត្តប្រុស ដោយបានលុតជង្គង់សុំឱ្យលោកត្រលប់ទៅរកនាងវិញ ដោយសន្យាថាមិនទាមទារថ្លៃបណ្ណាការខ្ពស់ឡើយ។
ប៉ុន្តែចុងក្រោយកូនកម្លោះ បានបដិសេធ និងច្រាននាងចេញទៀតផង។ គួររំឭកថា អតីតគូរស្នេហ៍ទាំង២នេះបានចែកផ្លូវគ្នាដោយសារម្តាយខាងស្រីទារថ្លៃបណ្ណាការខ្ពស់ពេក ជាហេតុធ្វើឱ្យលោកគ្មានលទ្ធភាពនឹងចូលស្តីដណ្តឹង រីឯស្ត្រីខាងលើដោយហេតុជាកូនស្រីដែលស្តាប់បង្គាប់ម្នាក់ ទើបនាងមិនមានមតិអ្វីទាំងអស់។
លទ្ធផលចុងក្រោយអ្នកទាំង២ ក៏ចែកផ្លូវគ្នា ហើយមិនយូរប៉ុន្មានខាងប្រុស ក៏រកបានអ្នកថ្មីហើយពិធីមង្គលការក៏បានកើតឡើង។ បញ្ហារវាងគូស្នេហ៍ទាំង២ បានធ្វើឱ្យមនុស្សជាច្រើននឹកអាណិតនាងជាខ្លាំង ប៉ុន្តែក៏មានអ្នកខ្លះ បានលើកឡើងថា មនុស្សប្រុសដែលបែកគ្នាមិនបានប៉ុន្មានផង ក៏រៀបការបែបនេះ គ្មានអ្វីគួរឱ្យអាឡោះអាល័យឡើយ ឱ្យគេទៅចុះ។ រីឯមតិខ្លះទៀត បានដាក់កំហុសលើម្តាយខាងស្រីដែលដាក់កំហិតលើថ្លៃបណ្ណាការបែបនេះ៕