×

រដ្ឋបាល​ខេត្តកំពង់ស្ពឺ ផ្ដល់ម៉ូតូ ៣៣គ្រឿង​ជូន​សិស្សប្រឡង​បាក់ឌុប​បាន​និទ្ទេស A

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចទិញម៉ូតូហុងដា ម៉ាក Beat 110 ស៊េរី ២០២២ ចំនួន ៣៣ គ្រឿង ដើម្បីផ្ដល់ជូនសិស្សានុសិស្សថ្នាក់ទី១២ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាននិទ្ទេស A ដែលលទ្ធផលត្រូវបានប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗកន្លងទៅ។

យោងតាមគណនីហ្វេសប៊ុករបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៧ ខែមករា បានឱ្យដឹងដូច្នេះថា៖ “ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង