សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្ត ដែលមានរយៈពេលយ៉ាងយូរត្រឹម ១ម៉ោង និង ៤៥នាទីប៉ុណ្ណោះ ដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំរំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។
លោក សុធារ៉ា បញ្ជាក់ថា ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ វង់ទស្សនាថ្មីនេះ មានជម្រើសក្នុងការទស្សនាចំនួន ៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទី២ មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។
បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុចទីតាំង ដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។
លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យលើករៀបចំលំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕