×

ក្រុមការងារ​ចំពោះកិច្ច នឹង​ចាប់ផ្តើម​ធ្វើការ​ចែកចាយ​ឱសថ​ប៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) នៅតាម​សាខា​ប្រៃសណីយ៍​កម្ពុជា​តាម​បណ្តាខេត្ត

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រកាសឱ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩, ក្រុមការងារ បាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារ នឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២តទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម៖

– បុគ្គលម្នាក់ មានសិទ្ធិបញ្ហាទិញពី៥ ដល់១០ដូស ក្នុង១ដង

– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានវង មានសិទ្ធិបញ្ហាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ក្នុង១ដង ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១ដួស។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសលីយ៍កម្ពុជានៅតាមខេត្ត (ដូចមានក្នុងតារាងព័ត៌មានលម្អិតជូនភ្ជាប់មកជាមួយ)។

សម្រាប់ការផ្ដល់មតិត្រលប់ អំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង