អ្នកជំងឺកូវីដប្រភេទ Delta ហាក់ធ្ងន់ ហើយមានអ្នកជំងឺច្រើនស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ឬមានបញ្ហាសួតគួរឱ្យបារម្ភជាងបើធៀបទៅនឹងវីរុសបម្លែងថ្មីកូនពៅអូមីក្រុង។ ទោះជាអូមីក្រុងឆ្លងលឿនហើយតែវាស្ថិតក្នុងទម្រង់គ្រុនផ្ដាសាយធម្មតា មិនធ្ងន់ធ្ងរពេក ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថាការបំប្លែងបន្តទៀតរបស់កូវីដ១៩ មិនទាន់ចប់ត្រឹមនេះនៅឡើយទេ។
“អូមីក្រុងឆ្លងលឿនពេក ចឹងឱកាសដែលវាបន្តបំប្លែងខ្លួនទៀតក៏កាន់តែច្រើនដែរ“។ លោក Leonardo Martinez អ្នកវិទ្យាស្ត្រជំងឺឆ្លងប្រចាំសាកលវិទ្យាល័យ Boston សម្ដែងការបារម្ភដូច្នេះថា ការគំរាមកំហែងពីកូវីដ១៩ មិនទាន់ចប់ត្រឹមការបំប្លែងចុងក្រោយអូមីក្រុងទេ។
រាប់ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ២០២១មក ចំនួនអ្នកឆ្លងអូមីក្រុងកើនឡើងយ៉ាងរហ័សដូចផ្លេកបន្ទោល ដូចភ្លើងចេះចំបើង ឬឆ្លងលើសពពួកដែលតា(Delta) លើស២ដងឯណោះ ហើយនៅអឺរ៉ុបឯណោះវិញ ក៏ស្ថិតក្រោមការប៉ាន់ប្រមាណថា យូរបំផុត ៨សប្ដាហ៍ទៅមុខទៀត ប្រជាពលរដ្ឋអឺរ៉ុបកន្លះទ្វីប នឹងឆ្លងវីរុសបម្លែងថ្មីអូមីក្រុងចៀសមិនផុត។
របាយការណ៍ពី WHO ក៏បានបញ្ជាក់ដែរថា១សប្ដាហ៍គត់ (៣–៩ មករា) មានករណីឆ្លងថ្មីដល់ទៅ ១៥លាននាក់ ឬកើនឡើង ៥៥% បើធៀបនឹងសប្ដាហ៍មុននេះ។
ដោយឡែកអ្នកវិភាគវ័យ ៦៤ឆ្នាំ Anne Thomas លើកឡើងថា “មិនចម្លែកទេដែលវីរុសថ្មីបន្តបំប្លែងប៉ុន្តែយើងត្រូវសម្របខ្លួនបន្តរស់នៅជាមួយជំងឺឆ្លងកំពុងគំរាមកំហែងគ្រប់គ្នាជុំវិញពិភពលោកនេះយូរទៀត“។
“បើយើងចង់បញ្ឈប់វីរុសនេះ ហើយអាចគ្រប់គ្រងវាដូចផ្ដាសាយធម្មតាលុះត្រាណាតែកម្រិតអ្នកចាក់វ៉ាក់សាំងហើយច្រើនលើសលប់។ ការការពារគ្រប់គ្នាពីការបន្តបម្លែងខ្លួនពីវីរុសនៅពេលខាងមុខ គឺអាស្រ័យលើយុទ្ធនាការចាក់វ៉ាក់សាំងសកលចប់ដោយជោគជ័យ“។ អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus គូសបញ្ជាក់ និងក្រើនរម្លឹកដល់អ្នកមិនទាន់ទទួលវ៉ាក់សាំង អ្នកមិនទាន់ទទួលដូសជំរុញឱ្យទៅទទួលតាមការចាត់ចែងរបស់ក្រសួងសុខាភិបាល ហើយបន្តខិតខំការពារ (៣កុំ ៣ការពារ)៕
ប្រភព៖ Hellokrupet