ឥណ្ឌូណេស៊ី៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអង្គារ ថា រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវបានដាក់ឈ្មោះថា “Nusantara” ដែលបកប្រែថាជា “ប្រជុំកោះ” ដោយមានការយល់ព្រមពីសភា អំពីច្បាប់ផ្លាស់ប្តូរទីតាំងរដ្ឋធានីពីហ្សាកាតាទៅកាន់ទីតាំងដាច់ស្រយាលមួយនៅលើកោះ Borneo ។
សភាតំណាងប្រទេសឥណ្ឌូណេស៊ី បានអនុម័តច្បាប់មួយ កាលពីថ្ងៃអង្គារ ដើម្បីផ្លាស់ប្តូរទីតាំងរដ្ឋធានីរបស់ប្រទេស ទៅកាន់តំបន់ដាច់ស្រយាលនៃ Kalimantan ជាកន្លែងដែលរដ្ឋាភិបាលកាន់កាប់ដីប្រហែល ១៨០.០០០ ហិកតារួចហើយ។
រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិលោក Suharso Monoarfa បានប្រាប់សភាបន្ទាប់ពីច្បាប់នេះ ត្រូវបានអនុម័តថា “រដ្ឋធានីថ្មីមានមុខងារកណ្តាល និងជានិមិត្តសញ្ញានៃអត្តសញ្ញាណរបស់ប្រទេសជាតិ ក៏ដូចជាមជ្ឈមណ្ឌលថ្មីនៃទំនាញសេដ្ឋកិច្ច”។
លោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា រដ្ឋធានីថ្មីនឹងត្រូវដាក់ឈ្មោះថា “Nusantara” ។ លោកបានប្រកាសជាលើកដំបូងអំពីការផ្លាស់ប្ដូររដ្ឋធានីទៅកោះ Borneo ក្នុងឆ្នាំ២០១៩ ដោយសារទីក្រុងហ្សាកាតា ដែលមានប្រជាជនចំនួន ១០លាននាក់ ងាយនឹងកើតមានទឹកជំនន់ ស្ទះចរាចរណ៍ និងការរញ្ជួយដី។ បន្ទាប់មក គម្រោងនេះ ត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតកូវីដ១៩។
លោកប្រធានាធិបតី បានអះអាងថា ការចំណាយលើការផ្លាស់ប្តូរមជ្ឈមណ្ឌលរដ្ឋបាលនេះ នឹងត្រូវចំណាយក្រោម ៣៣ពាន់លានដុល្លារ។ ការចំណាយនេះរួមមានការិយាល័យរដ្ឋាភិបាលថ្មី និងផ្ទះសម្រាប់មន្ត្រីរាជការប្រហែល ១,៥លាននាក់។
ទីតាំងនៃរដ្ឋធានីថ្មីដែលមានចម្ងាយ ២០០០ គីឡូម៉ែត្រ ទៅភាគឦសាននៃទីក្រុងហ្សាកាតា គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលងាយរងគ្រោះយ៉ាងតិចបំផុត ចំពោះគ្រោះមហន្តរាយធម្មជាតិ៕