បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមករា បានចុះបង្ក្រាបជាក់ស្ដែងទីតាំងលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសថៃ និងផលិតផលពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
បើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ដបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការលួចនាំចូលផលិតផលមានដើមកំណើតពីសត្វ ដោយខុសច្បាប់ពីប្រទេសជិតខាង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្ដែងទីតាំងមួយកន្លែង ដែលមានម្ចាស់ឈ្មោះ តាំ ជ័យ ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយបន្ទាយមានជ័យ ។
លោកប្រធានការិយាល័យ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ ដោយម្ចាស់ទីតាំងបានដឹងខ្លួនមុន ហើយបានគាស់ទ្រុងព្រលែងសត្វជ្រូករស់ប្រមាណ ៧០ក្បាល ឲ្យរត់ចូលក្នុងព្រៃអស់នៅសល់តែ០២ ក្បាលក្នុងទ្រុង ហើយម្ចាស់ទីតាំងឈ្មោះតាំ ជ័យ ក៏បានរត់គេចខ្លួនបាត់ផងដែរ។ ជាមួយគ្នានោះ សមត្ថកិច្ចចម្រុះ បានឆែកឆេរទីតាំងនោះរកឃើញសត្វជ្រូកដែលធ្វើរួចចំនួន ៩ក្បាល ។
លោកហ៊ុយ ទូច បានបញ្ជាក់ថា តាមការណែនាំពីលោកលឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដបន្ទាយមានជ័យ ចំពោះម្ចាស់ទីឈ្មោះ តាំ ជ័យ ឲ្យមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕