ចិន៖ ជីវិតដ៏សែនកម្សត់ដែលត្រូវឪពុកម្តាយបង្កើតលក់ឱ្យអ្នកដទៃភ្លាមៗ ក្រោយពេលកើតជារឿងមួយកើតឡើងចំពោះជីវិតយុវជនវ័យ ១៧ឆ្នាំម្នាក់ឈ្មោះ Liu Xuezhou ជានិស្សិតឆ្នាំទី២សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្ត Hebei ប្រទេសចិន។
Liu ត្រូវបានឪពុកម្តាយបង្កើតលក់ឱ្យប្តីប្រពន្ធវ័យកណ្តាលមួយកាលពីឆ្នាំ២០០៥ ប៉ុន្តែបានរយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ក្មេងប្រុសរូបនេះ ត្រូវបញ្ជូនទៅមណ្ឌលកុមារកំព្រា ដោយសារឪពុកម្តាយចិញ្ចឹម បានជួបគ្រោះថ្នាក់ស្លាប់ក្នុងឧបទ្ទវហេតុមួយ។
កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ Liu បានព្យាយាមស្វែងរកឪពុកម្តាយបង្កើតនៅលើអ៊ីនធឺណិត ប៉ុន្តែនៅពេលរកឃើញហើយយុវជនកម្សត់រូបនេះ បានទាក់ទងទៅឪពុកម្តាយខ្លួនដែលពួកគេបានលែងលះគ្នា និងមានគ្រួសារថ្មីរៀងខ្លួន។ ពេលនោះ Liu បានខលទៅម្តាយតែបែរគាត់និយាយថា៖ “បើទោះជាឪពុកម្តាយចិញ្ចឹមរបស់ឯងមិនទិញ ក៏នៅមានអ្នកដទៃទៀតដែរ”។
គ្រាន់តែនិយាយរួចស្ត្រីជាម្តាយក៏បានបិទទូរសព្ទ ថែមទាំងប្លុក Wechat របស់ Liu ទៀតផង។ ចំណែកឯឪពុកវិញបាននិយាយថា ប្រសិនជាគាត់យល់ព្រមយក Liu ទៅចិញ្ចឹម ប្រពន្ធក្រោយប្រាកដជាលែងលះលោកមិនខាន។
ក្រោយពីត្រូវបានឪពុកម្តាយបោះបង់ចោលជាលើកទី២ Liu បានចែករំលែកសម្លេងដែលខ្លួនសន្ទនាជាមួយឪពុកម្តាយនៅលើបណ្តាញសង្គមចិនមួយដោយបានសរសេរថា៖ “ខ្ញុំមិនយល់ថាហេតុអ្វីបានជាអ្នកនិយាយថាខ្ញុំជាអ្នករំខានជីវិតអ្នក ការពិតគឺជាអ្នកដែលធ្វើឱ្យជីវិតខ្ញុំរញ៉េរញ៉ៃបែបនេះ”។
គួរបញ្ជាក់ដែរថា ឪពុកម្តាយចិញ្ចឹមរបស់ Liu ស្រលាញ់លោកខ្លាំងណាស់ ក្រោយពីលោកទាំង២បានស្លាប់ទៅ Liu ត្រូវបានតាយាយចិញ្ចឹមជាអ្នកមើលថែបន្ត និងមានការជួយឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់កុមារកំព្រាផងដែរ៕