×

អ្នកធ្វើ​យូធូប​ម្នាក់ ហ៊ានធ្វើ​វីដេអូ​រិះគន់ Rain ថា​ជាតារាលំដាប់សេដ្ឋី តែគម្រិះ​បេះមិនចេញ ពេលនេះ​ភ្នាក់ងារ​របស់ Rain ថានឹង​ចាត់ការ​តាមផ្លូវច្បាប់

កូរ៉េខាងត្បូង៖ តារាចម្រៀងរូបសង្ហា Rain បានជាប់ឈ្មោះជាតារាលំដាប់សេដ្ឋីដែលមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ប៉ុន្តែបែរត្រូវអ្នកធ្វើយូធូបម្នាក់ឈ្មោះ Lee Jin Ho និយាយថា លោកគឺជាតារាដែលគម្រិះបំផុត។

Jin Ho បាននិយាយក្នុងវីដេអូរបស់លោកថា កាលពីឆ្នាំ២០០៩ តារាចម្រៀង Kim Tae Woo ទើបបញ្ចប់ការហ្វឹកហាត់ទាហាន ពេលនោះលោក នៅសល់ប្រាក់ខែពីការហ្វឹកហាត់តែបន្តិចបន្តួចប៉ុណ្ណោះ ខណៈពេលដែល Rain អាចរកប្រាក់ចំណូលបានច្រើនជាង Tae Woo ១០ដង ប៉ុន្តែ Rain មិនបានចេញថ្លៃចំណាយលើអាហារមួយពេលដែលអ្នកទាំងពីរបានទៅញ៉ាំឡើយ។ ផ្ទុយទៅវិញ បែរជា Tae Woo ជាអ្នករ៉ាប់រងថ្លៃអាហារមួយពេលនោះទៅវិញ។

អ្នកធ្វើយូធូបរូបនោះ ថែមទាំងនិយាយថា មិនត្រឹមតែប៉ុណ្ណោះសូម្បីសមាជិកដែលធ្លាប់រួមការងារជាមួយលោក ក៏ធ្លាប់បាននិយាយថា Rain គម្រិះដល់ថ្នាក់វេចខ្ចប់សូម្បីអាហារដែលគេញ៉ាំមិនអស់ថែមទៀត។ វីដេអូមួយរបស់ Jin Ho បានធ្វើឱ្យភ្នាក់ងារខាង Rain ចេញមកបដិសេធភ្លាមៗ ថា ជាព័ត៌មានមិនពិត និងបាននិយាយថា នឹងចាត់ការតាមផ្លូវច្បាប់លើទង្វើរបស់អ្នកធ្វើយូធូប Jin Ho បានចែកចាយព័ត៌មានក្លែងក្លាយ។

បញ្ហាមួយនេះ បានធ្វើឱ្យមហាជនយល់ថា ភាគីខាង Rain មានប្រតិកម្មជ្រុលពេក ដោយមានអ្នកបញ្ចេញមតិថា៖ “កាលដែលត្រូវបានគេហៅគម្រិះ វាពិតជាសម្ដីរំខានមែន ប៉ុន្តែកាលដែលគ្រាន់តែបញ្ហាប៉ុណ្ណឹងដល់ថ្នាក់ប្តឹងផ្តល់ គឺពិតជាមានចិត្តចង្អៀតចង្អល់ជ្រុល តើវាពិតជាមានសារសំខាន់នឹងត្រូវធ្វើបែបនេះទេ?”

គួរបញ្ជាក់ដែរថា រយៈពេលជាង២០ឆ្នាំក្នុងការប្រឡូកក្នុងវិស័យសិល្បៈ ទ្រព្យសម្បត្តិដែល Rain មានមិនក្រោម ៥៥លានដុល្លារឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង