កំពត៖ រថយន្តដឹកបង្គាចាក់ចាហួយ ប្រមាណជាង៦តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តកំពត បានឃាត់ទុកនិងរឹបអូស ក្នុងរយៈពេល ២ថ្ងៃ ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីចិន ជិតខិតចូលមកដល់នាចុងខែមករានេះ។
នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ ន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបាន ចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿង ស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿង ចាប់បានក្នុងថ្ងៃទី១៧ និង ៣គ្រឿងទៀតបន្តរកឃើញ និងចាប់បាន ក្នុងថ្ងៃទី១៩ ខែមករា។
យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើ ត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦.២៦៨គីឡូក្រាម មានសារធាតុគីមី ដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញ ត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត៕