មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា ចំពេលតម្លៃសាច់ជ្រូក កំពុងឡើងថ្លៃនៅក្នុងប្រទេសថៃ ប្រជាពលរដ្ឋថៃមួយចំនួន កំពុងងាកមកទទួលទានសាច់ក្រពើ ជាប្រភពប្រូតេអ៊ីនជំនួសវិញ។
លោក Suwanchai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខាភិបាល បានឱ្យដឹងថា ចុងភៅគួរតែលាងដៃ និងឧបករណ៍របស់ពួកគេ រាល់ពេលមុនពេលកែច្នៃសាច់ក្រពើ ដើម្បីជៀសវាងការចម្លងមេរោគបាក់តេរី និងជៀសវាងការបរិភោគឆៅ។
លោកបន្តថា សាច់ក្រពើ ត្រូវបានគេចាត់ទុកថា ជាផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែដោយសារតែក្រពើ ត្រូវបានចាត់ថ្នាក់ជាសត្វល្មូន ពួកវាអាចឆ្លងមេរោគបាក់តេរី ដូចជា salmonella ដែលអាចបង្កឱ្យមានជំងឺដូចជា គ្រុនពោះវៀន រាគ និងជំងឺរំលាយអាហារ។
សាច់ក្រពើ១០០ក្រាម មាន ៩៩គីឡូកាឡូរី ប្រូតេអ៊ីន ២១,៥ក្រាម ខ្លាញ់២,៩ក្រាម និងកូលេស្ទឺរ៉ល ៦៥មីល្លីក្រាម ខណៈសាច់ជ្រូក ១០០ក្រាម មាន ១០៧គីឡូកាឡូរី ប្រូតេអ៊ីន២២ក្រាម ខ្លាញ់២ក្រាម និងកូលេស្ទឺរ៉ល៥៥មីល្លីក្រាម៕