×

អបអរសាទរ! ទីក្រុង​ចំនួន៣​របស់​កម្ពុជា ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន

ព្រះសីហនុ៖ ប្រទេសកម្ពុជា មាន ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញមកទទួលពានរង្វាន់ផ្ទាល់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលមានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុង និងតំណាងក្រុងនៃបណ្ដាប្រទេសអាស៊ាន ជ័យលាភីសរុបចំនួន ២១ ។

ការប្រគល់ពានរង្វាន់នេះ ធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ជាទីដែលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជា បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង