ឥណ្ឌូណេស៊ី៖ វ៉ាក់សាំងបង្ការកូវីដ១៩ ជាងមួយលានដូស បានផុតសុពលភាព នៅក្នុងប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យខាតបង់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីសុខាភិបាល Budi Gunadi Sadikin បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធ ថា ក្នុងចំណោមវ៉ាក់សាំងចំនួន ១,១ លានដែលត្រូវបានបោះចោលនោះ ប្រហែល ៩៨ភាគរយ មានសុពលភាពត្រឹមតែពីមួយទៅបីខែប៉ុណ្ណោះ បន្ទាប់ពីទទួលបានពីការបរិច្ចាគពីបរទេស។
ឥណ្ឌូណេស៊ី ត្រូវការវ៉ាក់សាំងបន្ថែមប្រហែល ១០០លានសម្រាប់យុទ្ធនាការចាក់ដូសជំរុញរបស់ខ្លួន ដែលភាគច្រើនបានពីការបរិច្ចាគពីយន្តការ Covax និងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។
កន្លងមក ប្រទេសនីហ្សេរីយ៉ា និងអ៊ូហ្គង់ដា ក៏បានបំផ្លាញវ៉ាក់សាំងដែលផុតសុពលភាព ដែលបង្កបញ្ហាប្រឈមមួយទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យន្តការ Covax ក្នុងការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក បានចាក់វ៉ាក់សាំងសម្រេចបានជាង ៣០០លានដូស គិតមកទល់ពេលនេះ ក្នុងនោះ ៤៤ភាគរយ នៃប្រជាជនចំនួន ២៧០លាននាក់របស់ប្រទេសនេះ បានចាក់មូលដ្ឋានពេញលេញ៕