×

ក្រោយចាក់​ដូសជំរុញ ហេតុអ្វី​អ្នកខ្លះ​អត់ស្រួលខ្លួន តែខ្លះ​ស្រស់ស្រាយ​ធម្មតា?

ជាទូទៅ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ គ្នាយើងច្បាស់ជាទទួលផលរំខានពីវ៉ាក់សាំង បណ្ដាលឱ្យយើងមិនស្រួលខ្លួន ខ្លះងើបខ្លួនមិនចង់រួចផងក៏មាន។ ចម្លែកអី មានគ្នាយើងខ្លះទៀតចាក់ដូសជំរុញដូចគ្នាដែរ តែមានអារម្មណ៍ធម្មតា មិនទ្រុឌទ្រោមដូចគេដូចឯងសោះ។

ហេតុអ្វីបានជាក្រោយចាក់ដូសជំរុញ អ្នកខ្លះឈឺខ្លួន ហើយខ្លះទៀតអារម្មណ៍ស្រស់ស្រាយធម្មតា?
វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យគ្រួសារនៅគ្លីនិកក្នុងតំបន់ Austin រដ្ឋTexas សហរដ្ឋអាមេរិកបានឱ្យដឹងថា មនុស្សមួយចំនួនទទួលផលរំខានពីវ៉ាក់សាំង ចំណែកអ្នកខ្លះទៀតមិនមាន ក៏ព្រោះតែប្រព័ន្ធការពាររាងកាយរបស់យើងម្នាក់ៗមានលក្ខណៈខុសពីគ្នា។ ការឆ្លើយតបជារោគសញ្ញាចំពោះវ៉ាក់សាំងអាចអាស្រ័យទៅតាមអាយុ ភេទ និងប្រវត្តិជំងឺរបស់យើង។ យ៉ាងណា មិនបាច់បារម្ភទេ ក្រោយចាក់វ៉ាក់សាំងរួចរាងកាយរបស់យើងនឹងបង្កើតនូវប្រព័ន្ធការពារដែលយើងចង់បាន មិនថាយើងទទួលផលរំខាន ឈឺចុកចាប់ពេញរាងកាយ ឬក៏អត់ទេ។

រោគសញ្ញានៃផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញ
តាមពិតទៅ ផលរំខានពីដូសជំរុញស្រដៀងនឹងអ្វីដែលយើងធ្លាប់ជួបប្រទះក្រោយចាក់វ៉ាក់សាំងដូសទី១ ឬទី២ អ៊ីចឹងដែរ។ នេះមានន័យថា យើងអាចនឹងមិនមានអារម្មណ៍ប្លែកអ្វីទាំងអស់ ឬអាចជួបបញ្ហាប៉ុន្មានខាងក្រោមដូចជា៖

• ឈឺចាប់នៅកន្លែងចាក់ថ្នាំ
• គ្រុន ឬក្ដៅខ្លួន
• អស់កម្លាំង
• ឈឺក្បាល
• ញាក់
• ឈឺសាច់ដុំ
• ចង្អោរ ក្អួត។

ទោះជាយ៉ាងណាក៏ដោយ យើងគ្រប់គ្នាគួរតែទទួលបានដូសជំរុញបន្ថែម ពិសេសអំឡុងពេលរាលដាលវីរុសបំប្លែងអូមីក្រុងនេះ។ ផ្ទុយទៅវិញ បើយើងចាក់វ៉ាក់សាំងហើយក្ដៅខ្លួន តែមិនបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោង ឬលើសនេះ យើងគួរទាក់ទងទៅគ្រូពេទ្យ ដើម្បីសួរព័ត៌មាន និងប្រាប់ពីអាការៈដែលយើងមានក្រោយចាក់វ៉ាក់សាំងរួច៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង