ឡាវ៖ រដ្ឋាភិបាលឡាវ បានសម្រេចហាមឃាត់ការនាំចូលកសិផល បសុសត្វ និងត្រីប្រភេទមួយចំនួន ក្នុងគោលបំណងជំរុញការដាំដុះដំណាំ និងចិញ្ចឹមសត្វទាំងនេះ នៅក្នុងប្រទេស ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ។
រដ្ឋាភិបាលឡាវ បន្តថា ស្ពៃក្តោប ខ្ទឹម ខ្ទឹមបារាំង ម្រេច សាឡាត់ និងស្ពៃក្តោប ជាដំណាំដែលគួរផ្ដោតសំខាន់ ហើយកាត់បន្ថយការនាំចូលពីបរទេស។រដ្ឋាភិបាលប្រទេសនេះ ក៏បានអំពាវនាវឱ្យមានការបង្កើនការចិញ្ចឹមគោក្របី ជ្រូក ពពែ មាន់ ទា និងក្ងាន ហើយបានហាមឃាត់ការនាំចូលសត្វទាំងនេះ និងសាច់របស់ពួកវាផងដែរ។ ការនាំចូលត្រីទឹកសាបទាំងអស់ ក៏ត្រូវបានហាមឃាត់ផងដែរ។
ទំនិញផ្សេងទៀតដែលទាក់ទងនឹងកសិកម្ម អាចបន្តត្រូវបាននាំចូល ដូចជាមេជីវិតសត្វសម្រាប់គោលបំណងបង្កាត់ពូជ ពូជស្រូវ វ៉ាក់សាំង និងឧបករណ៍សម្រាប់សត្វ ផលិតផលឱសថ និងចំណីសត្វ។ អាជីវកម្ម ក៏អាចបន្តនាំចូលវត្ថុធាតុដើមនៃចំណីសត្វ និងវ៉ាក់សាំង ដែលមិនមាននៅក្នុងប្រទេសឡាវ ក៏ដូចជាឧបករណ៍កសិកម្ម និងគ្រឿងចក្រដែលប្រើប្រាស់ក្នុងការចិញ្ចឹមសត្វផងដែរ។ អាហារសមុទ្រអាចត្រូវបាននាំចូល ប៉ុន្តែស្របតាមវិធានការគ្រប់គ្រងដ៏តឹងរ៉ឹង។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Sonexay Siphandone មានប្រសាសន៍ថា វាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជំរុញផលិតកម្មក្នុងស្រុក៕
ប្រភព៖ Vientiane Times