×

ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)

ហ្គាណា៖ រដ្ឋាភិបាលហ្គាណា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និង ៥៩ នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះដ៏សាហាវមួយ នៅក្នុងទីក្រុងភាគខាងលិច បន្ទាប់ពីរថយន្តដឹកទំនិញដែលផ្ទុកសារធាតុផ្ទុះ បានបុកជាមួយម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះ បានបន្សល់ទុកនូវរណ្ដៅដ៏ធំ និងបំផ្លាញអគាររាប់សិបខ្នង នៅជិតទីក្រុង Bogoso ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីរដ្ឋធានី Accra របស់ប្រទេសហ្គាណា។

ខ្សែវីដេអូ បានបង្ហាញថា អ្នកស្រុកកំពុងប្រញាប់ប្រញាល់ឆ្ពោះទៅកន្លែងកើតហេតុ ដែលរថយន្តដឹកទំនិញកំពុងឆេះយ៉ាងសន្ធោសន្ធៅ ដើម្បីមើលការខូចខាត ខណៈក្រុមអ្នកជួយសង្គ្រោះ បានដើរឆ្លងកាត់គំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីការបំផ្លិចបំផ្លាញ។

រដ្ឋាភិបាលហ្គាណាបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅជិតម៉ាស៊ីនបំប្លែងអគ្គិសនី។ ក្នុងចំណោមអ្នករងរបួស ៥៩នាក់ មាន ៤២នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រធានាធិបតីហ្គាណា Nana Akufo-Addo បានហៅវាថាជា “ឧប្បត្តិហេតុដ៏សោកសៅ អកុសល និងសោកនាដកម្ម” ហើយបានសម្តែង “ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារនៃអ្នកស្លាប់”៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង