ភ្នំពេញ៖ គ្រាប់មិនទាន់ផ្ទុះ អាចបង្កគ្រោះថ្នាក់បាន ប្រសិនបើប្រជាពលរដ្ឋប៉ះពាល់វា ដូច្នេះហើយទើបអាជ្ញាធរ តែងតែអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ នៅពេលបានឃើញគ្រាប់មិនទាន់ផ្ទុះនៅលើដីស្រែចម្ការរបស់ពួកគាត់។
បើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ចែករំលែករូបភាពដែលប្រជាពលរដ្ឋ បានយកស្បោងច្រកគ្រាប់ រួចព្យួរនៅតាមដើមឈើ ដើម្បីរង់ចាំអ្នកជំនាញមកដោះ។
លោកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការបែបនេះថា៖ “ឃើញគ្រាប់នៅតាមរងដំឡូង និងខ្លះទៀតបានច្រកគ្រាប់ទុកក្នុងស្បោងជូន ពូៗស៊ីម៉ាក់ហ្មង! ”។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា បើសិនជាបានឃើញ ឬជួបប្រទះ គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមមេត្តាកុំប៉ះពាល់ និងត្រូវដាក់ស្លាកសញ្ញាសម្គាល់ ឬហ៊ុមព័ទ្ធទីតាំងគ្រាប់នោះ និងសុំរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ប៉ូលីស ឬកម្លាំងស៊ីម៉ាក់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕