×

អ្នកជំងឺ​កូវីដ១៩ ប្រភេទ អូមីក្រុង អាច​ព្យាបាល​តាមផ្ទះ ឬកន្លែង​ដែលខ្លួន​ជ្រើសរើស​បាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុង អាចព្យាបាលតាមផ្ទះ ឬកន្លែងដែលខ្លួនជ្រើសរើសបាន។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា «កាលពីមុននេះ ខ្ញុំព្រះករុណាខ្ញុំបានដាក់បញ្ជាដាច់ណាត់ឲ្យអ្នកដែលមានវិជ្ជមានកូវីដ១៩បម្លែងថ្មី អូមីក្រុង ដាច់ខាតត្រូវតែព្យាបាលនៅមន្ទីរពេទ្យ»។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «លើកលែងតែប៉ុន្មានថ្ងៃមុននេះ បានចេញជាគោលការណ៍យកបរទេសដែលជាអ្នកការទូត គឺអាចព្យាបាលនៅស្ថានទូតបាន ប៉ុន្តែឥឡូវនេះយើងបានពិនិត្យឃើញថា អូមីក្រុងទោះបីវាចម្លងលឿន ក៏ប៉ុន្តែវាមិនមែនជាជំងឺប្រភេទដ៏គ្រោះថ្នាក់នោះទេ បើប្រៀបធៀបជាមួយនឹងប្រភេទដែលតា ប្រៀបធៀបជាមួយនឹងប្រភេទអាល់ហ្វា ដែលយើងបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងដែលពួកគាត់ជ្រើសរើស »។ ជាមួយគ្នានេះ សម្តេចតេជោ បញ្ជាក់ថា មេរោគបម្លែងថ្មីប្រភេទអូមីក្រុងមានសភាពស្រាលជាង ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យោងទៅតាមសភាពការណ៍នេះ ខ្ញុំសូមដាក់បទបញ្ជាទៅក្រសួងសុខាភិបាល និងអាជ្ញាធរ និងអ្នកពាក់ព័ន្ធដូចទៅតទៅ៖
ទីមួយ សម្តេចតេជោ បញ្ជាក់ថា «សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកម្ពុជានៅពេលដែលពិនិត្យឃើញថា រកឃើញវិជ្ជមានកូវីដ១៩ បើទោះបីជា អូមីក្រុង ឬមិនអូមីក្រុង ក៏សូមអនុញ្ញាតឲ្យទៅសម្រាប់ព្យាបាលនៅតាមសណ្ឋាគារ សម្រាកព្យាបាលនៅតាមស្ថានទូត សម្រាកព្យាបាលនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ដូច្នេះមិនចាំបាច់យកជនបរទេសចូលទៅក្នុងមន្ទីរពេទ្យរបស់យើងទៀតទេ»។

ចំណុចទី ២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « ពាក់ព័ន្ធទៅនឹងបងប្អូនខ្មែរយើង ទាំងខ្មែរមកពីក្រៅប្រទេស និងខ្មែរនៅក្នុងស្រុក ដែលមានការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង គឺអាចអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ដូចអាល់ហ្វា និងដែលតាដូចគ្នា បែបបទនីតិវិធីបច្ចេកទេសសុខាភិបាលក៏ត្រូវតែធ្វើដូចគ្នា»។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ពុំមានតម្រូវការចាំបាច់ដូចមុន តម្រូវឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ ដូចកាលពីមុននោះទៀតទេខណៈពេលនោះយើងបានកំពុងតាមដាន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ និងការជំរុញចាក់វ៉ាក់សាំង ដូច្នេះអ្នកជំងឺទាំងឡាយ គឺត្រូវរកកន្លែងសមរម្យ ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបាន ចាំមកមន្ទីរពេទ្យរបស់រដ្ឋ ក៏ប៉ុន្តែក្នុងករណីដែលអាចព្យាបាលបាន សូមផ្ដល់ឱកាសសម្រាប់ការព្យាបាលនៅតាមផ្ទះទីតាំងដែលខ្លួនត្រូវការ»។

ចំណុចទី៣ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាថា « ចំពោះអ្នកជំងឺដែលមានវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង កំពុងតែព្យាបាលជាបរទេស ឬក៏ជាជនជាតិខ្មែរ បើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬតាមសណ្ឋាគារក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ (យប់ថ្ងៃទី២១ មករា ឆ្នាំ ២០២២ ហើយបទបញ្ជានេះត្រូវអនុវត្តចាប់ពីពេលនេះ)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង