ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុង Wu Fung បានឆ្លងថ្ងៃកំណើតឈានចូលវ័យ ៩០ឆ្នាំជាមួយនឹងមិត្តអ្នករួមសិល្បៈប៉ុន្មាននាក់ដែលសុទ្ធសឹងតែជាតារារួមជំនាន់យ៉ាងសប្បាយរីករាយ។
រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលតារាសម្តែងជើងចាស់រូបនេះ បានប្រលូកក្នុងវិស័យសិល្បៈ។ លោកបានបញ្ជាក់ថា លោករីករាយនឹងធ្វើការបញ្ចេញសកម្មភាពណាស់ ដូចនេះឱ្យតែមានការអញ្ជើញឱ្យចូលរួមសម្តែងក្នុងភាពយន្តណាមួយលោកមិនដែលបដិសេធឡើយ ព្រោះវាអាចជួយឱ្យស្មារតីរបស់លោកប្រសើរជាងមិនធ្វើអ្វីសោះ។
ក្រៅពីការងារហើយនោះ Wu Fung បានបន្ថែមថា លោកតែងចំណាយពេលធ្វើលំហាត់ប្រាណ ដោយការដើរក្នុងមួយថ្ងៃពី១ម៉ោងទៅ២ម៉ោងជារៀងរាល់ថ្ងៃបើទោះជាពេលខ្លះកាលវិភាគមានថ្ងៃថត ក៏លោកនៅតែឆ្លៀតពេលធ្វើលំហាត់ប្រាណស្រាលៗជាប្រចាំ ដែលនេះជាចំណុចពិសេសមួយធ្វើឱ្យលោកមានសុខភាពល្អ។
គួរបញ្ជាក់ដែរថា តារាសម្តែងជើងចាស់រូបនេះ បានមានវត្តមានក្នុងភាពយន្តបុរាណ និងសម័យជាច្រើនក្រោមទ្រនំផលិតកម្ម TVB ផងដែរ៕