×

ពុលអាហារ​ចូលពេទ្យ​ជាង៣០នាក់ ក្នុងពិធី​ជប់លៀង​មួយ​ក្នុងខេត្តកំពត

កំពត៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពិធីជប់លៀងរបស់ក្រុមហ៊ុនទឹកសុទ្ធមួយ ដែលមានទីតាំងស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោង ៦ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្នុងពិធីនេះ មានមនុស្សប្រុសស្រីប្រមាណជាង ៣០នាក់ បានពុលអាហារ ក្រោយពីទទួលទានក្នុងពិធីជប់លៀងនោះ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា មានករណីពុលអារហារក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធមួយ ដែលស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ ករណីនេះ បានបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន ៣៤នាក់ ត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់។ ក្នុងចំណោមនោះ ជនរងគ្រោះចំនួន ២៦នាក់ បានចូលសម្រាកក្នុងមន្ទីរបង្អែកខេត្តកំពត និង ៨នាក់ផ្សេងទៀត ទទួលការព្យាបាលនៅគ្លីនិកឯកជន។

ក្រោយពីចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជន ជនរងគ្រោះទាំងអស់ ត្រូវបានសង្គ្រោះ និងជាសះស្បើយ ព្រមទាំងចាកចេញពីមន្ទីរពេទ្យ និងគ្លីនិកត្រឡប់ទៅកាន់គេហដ្ឋានវិញអស់ហើយ៕

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង