បញ្ហាលើសជាតិខ្លាញ់ បច្ចុប្បន្នមិនថាក្មេង មិនថាចាស់ សុទ្ធតែប្រឈមខ្លាំង ពិសេសគ្នាយើងចូលចិត្តអាហារសម្បូរខ្លាញ់មិនល្អ មិនហាត់ប្រាណ ងាយធ្វើឱ្យជាតិខ្លាញ់ក្នុងឈាមកើនឡើងខ្លាំងបំផុត។ ដើម្បីទទួលបានសុខភាពល្អ បើមានលើសជាតិខ្លាញ់ ត្រូវតែបញ្ចុះមកនៅកម្រិតត្រឹមត្រូវ ហើយក្រៅពីប្រើថ្នាំ របបអាហារសុខភាព ក៏អាចជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាមបានដូចគ្នា។ “Hello គ្រូពេទ្យ” នឹងលើកឡើងពីប្រភេទអាហារល្អៗ អាចបញ្ចុះជាតិខ្លាញ់កូលេស្តេរ៉ូលក្នុងឈាម យ៉ាងមានប្រសិទ្ធភាព។
១- ស្រូវសាលី (Oats)
មធ្យោបាយងាយស្រួលបំផុត ដើម្បីកំណត់កម្រិតកូលេស្តេរ៉ុលក្នុងខ្លួនឱ្យមានសុខភាពល្អ គឺញ៉ាំពពួលធញ្ញជាតិស្រូវសាលី (Oatmeal ឬ Oat-based cereal) ១ ចាន/ថ្ងៃ។ ដោយសារពពួកធញ្ញជាតិ Oatmeal មានជាតិកាកសរសៃដែលរលាយក្នុងទឹក ដល់ទៅប្រមាណ ២ ក្រាម/ចាន។ បើចង់បានជាតិកាកសរសៃច្រើនជាងនេះ គ្នាយើង អាចញ៉ាំផ្លែស្ត្រប៊ើរី ឬចេកបន្ថែមទៀតបាន។ ជាធម្មតាក្នុងមួយថ្ងៃ យើងអាចញ៉ាំជាតិសរសៃចន្លោះពី ២០-៣៥ ក្រាម និង ៥-១០ ក្រាមនៃទឹកមានជាតិសរសៃ។
២- សណ្តែក
សណ្តែក ជាប្រភពដ៏អស្ចារ្យជាតិសរសៃដែលរលាយ អាចធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ដោយសារតែដំណើរនៃការរំលាយក្នុងក្រពះ យឺតជាងអាហារផ្សេងទៀត។ ដូច្នេះបានជាគ្នាយើងចង់ស្រកទម្ងន់ភាគច្រើន ចូលចិត្តញ៉ាំសណ្តែកជាងអាហារផ្សេងទៀត។ សណ្តែក ក៏មានសារៈប្រយោជន៍ច្រើនទៀត ដោយសណ្តែកទាំងនោះរាប់បញ្ចូលទាំង សណ្តែកសៀង សណ្តែកក្រហម សណ្តែកខៀវ សណ្តែកខ្មៅ និងសណ្តែកផ្សេងមួយចំនួនទៀត។ ទឹកសណ្តែកសៀង និងអាហារផ្សេងទៀត ផលិត ឬចម្រាញ់ពីសណ្តែកសៀង ឬតៅហ៊ូ ត្រូវគេរកឃើញថា វាមានប្រសិទ្ធភាពកាត់បន្ថយខ្លាញ់កូលេស្តេរ៉ូលអាក្រក់ក្នុងឈាម។ ញ៉ាំសណ្តែក ២៥ក្រាម ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ បានពី ៥-៦ ភាគរយ។
៣- ត្រីសម្បូរខ្លាញ់
ត្រីសម្បូរខ្លាញ់ អាចបន្ថយជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាមបាន តាមរយៈអាស៊ីដខ្លាញ់អូមេហ្គា ៣ ។ ក្រៅពីនេះ អាស៊ីដខ្លាញ់ល្អប្រភេទនេះ ក៏អាចកាត់បន្ថយខ្លាញ់ទ្រីគ្លីសេរីត ដែលជាខ្លាញ់មិនល្អ ថែមទាំងអាចការពារចង្វាក់បេះដូង ឱ្យដើរបានទៀងទាត់ទៀតផង។
៤- ផ្លែប៊ើរ
ផ្លែប៊ើរ ជាផ្លែឈើមានសារធាតុចិញ្ចឹមខ្ពស់ និងអាស៊ីដខ្លាញ់ Monounsaturated fatty acids (MUFAs) ។ ការស្រាវជ្រាវថ្មីៗបង្ហាញថា ញ៉ាំផ្លែប៊ើរ ក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយកាត់បន្ថយកម្រិតខ្លាញ់កូលេស្តេរ៉ូលអាក្រក់ (LDL) ចំពោះគ្នាយើងលើសទម្ងន់ ឬគ្នាយើងមានជំងឺធាត់បាន។ ដើម្បីទទួលបានអត្ថប្រយោជន៍កាត់តែច្រើនពីផ្លែប៊ើរ យើងអាចបន្ថែមទៅក្នុងអាហារ ដូចជា សាលាដ និងនំសាំងវិច ជាដើម។
៥- គ្រាប់ធញ្ញាជាតិ
ផ្លែ Walnut គ្រាប់អាល់ម៉ុន និងគ្រាប់ផ្លែឈើដទៃទៀត ជាមិត្តដ៏ល្អបំផុតសម្រាប់សុខភាពយើង ដោយសារតែសម្បូរទៅដោយអាស៊ីដខ្លាញ់ Mono និង Polyunsaturated មានអត្ថប្រយោជន៍ ធ្វើឱ្យសរសៃឈាមមានសុខភាពល្អបាន។ ផ្លែអាល់ម៉ុន ផ្លែ Hazelnuts សណ្តែកដី គ្រាប់ Pecan គ្រាប់ស្រល់ និងគ្រាប់ផ្លែរីករាយ ក៏មានសារៈប្រយោជន៍ដូចគ្នា។ ញ៉ាំគ្រាប់ធញ្ញជាតិទាំងនោះមួយក្តាប់ (ប្រមាណ ៤២,៥ ក្រាម) ត្រូវគេជឿថា អាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
យើងបញ្ចូលទៅក្នុងរបបអាហារបាន ដោយប្រើជំនួសឱ្យឈីស ឬ Croutons នៅក្នុងសាលាដ។ ទោះជាយ៉ាងណា ក៏មិនមែនគ្រាប់ធញ្ញាជាតិទាំងអស់ សុទ្ធតែល្អសម្រាប់អ្នកទេ ដោយសារតែធម្មតា នៅក្នុងរោងចក្រតែងតែបានបន្ថែមអំបិល ឬស្ករ អាចធ្វើឱ្យសុខភាពយើងមានបញ្ហាបាន។ ដូច្នេះ រាល់ពេលទិញផលិតផលគ្រាប់ធញ្ញាជាតិ ត្រូវប្រាកដថា បានអានស្លាកសញ្ញាដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងពីគ្រាប់ធញ្ញាជាតិណា ត្រូវបានបន្ថែមអំបិល និងស្ករ។
ម្យ៉ាងវិញទៀត គ្រាប់ធញ្ញាជាតិ មានកាឡូរីខ្ពស់ណាស់ អាចធ្វើឱ្យយើងឡើងទម្ងន់បាន ប្រសិនបើញ៉ាំច្រើនហួស ដូច្នេះមិនត្រូវញ៉ាំលើសពីមួយក្តាប់ដៃក្នុងមួយថ្ងៃទេ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សុខភាពយើង៕
ប្រភព៖ Hellokrupet