កាមេរ៉ូន៖ យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីការជាន់គ្នា នៅកីឡដ្ឋានក្នុងទីក្រុង Yaounde ប្រទេសកាមេរ៉ូន កាលពីថ្ងៃចន្ទ។ ហេតុការណ៍នេះ បានកើតឡើងនៅមុនការប្រកួតវគ្គ១៦ក្រុមចុងក្រោយ របស់ក្រុមម្ចាស់ផ្ទះ កាមេរ៉ូន ជាមួយនឹងក្រុម Comoros ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអាហ្វ្រិក African Cup of Nations (AFCON)។
មនុស្ស ៦នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ប៉ុន្តែបើយោងតាមលោក Naseri Paul Biya អភិបាលក្រុង អះអាងថា តួលេខអាចកើនឡើងច្រើនជាងនេះ។ សាក្សីអះអាងថា កុមារស្ថិតក្នុងចំណោមជនរងគ្រោះដែលស្លាប់។ ហេតុការណ៍បានកើតឡើង នៅពេលដែលសន្តិសុខកីឡដ្ឋាន បានបិទទ្វារចូលទៅកាន់កីឡដ្ឋាន Olembe ដើម្បីបញ្ឈប់មនុស្សមិនឱ្យចូលទៅខាងក្នុង។ យ៉ាងហោចណាស់មនុស្ស ៤០នាក់បានមកដល់មន្ទីរពេទ្យ Mesassi។
មនុស្សប្រមាណ ៥ម៉ឺននាក់ បានចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន Olembe ។ កីឡដ្ឋាននេះ មានសមត្ថភាពផ្ទុក ៦ម៉ឺននាក់ ប៉ុន្តែដោយសារតែការរឹតបន្តឹងកូវីដ១៩ អ្នករៀបចំអនុញ្ញាតឱ្យមានអ្នកចូលទស្សនាតែ ៨០% ប៉ុណ្ណោះ៕
(ទស្សនាវីដេអូ)