ឥណ្ឌូណេស៊ី៖ ប៉ូលិសបាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែមករា នេះថា មនុស្សយ៉ាងតិច ១៨ នាក់បានស្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងក្រុមពីរ នៅក្លិបកម្សាន្តមួយក្នុងទីក្រុង Sorong ក្នុងខេត្ត West Papua ប្រទេសឥណ្ឌូណេស៊ី។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចបានកើតឡើងកាលពីយប់មិញ (ថ្ងៃចន្ទ) នៅម៉ោង១១យប់។ ជនរងគ្រោះម្នាក់ ត្រូវបានចាក់សម្លាប់ និង ១៧នាក់ទៀត បានស្លាប់ ក្នុងអគ្គិភ័យនៅក្លិបរាត្រីឈ្មោះ Double O ។
មន្ត្រីបាននិយាយថា ពួកគេបានរកឃើញសពចំនួន ១៧ នាក់នៅក្នុងក្លិប Double O ពួកគេទាំងអស់ ត្រូវបានរកឃើញនៅជាន់ទីពីរ បន្ទាប់ពីភ្លើងត្រូវបានពន្លត់ដោយជោគជ័យនៅព្រឹកថ្ងៃបន្ទាប់។ សព ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។ យ៉ាងណាមិញ ប៉ូលិស កំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ។ ប៉ូលីស សង្ស័យថា អគ្គិភ័យបានកើតចេញពីជាន់ទីមួយ៕